បាវេយ្យកហត្ថិវត្ថុទី ៦
រឿង ដំរីឈ្មោះ បវេរកៈ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធដំរីឈ្មោះបាវេរកៈ របស់ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះថា អប្បមាទរតា ជាដើម ។ បានឮថា ដំរីនោះ កាលនៅក្មេងជាសត្វមានកម្លាំងច្រើន ដោយសម័យ ដទៃទៀត ត្រូវកម្លាំងខ្យល់កើតឡើង ព្រោះជរាបៀតបៀន ចុះទៅកាន់ស្រះធំ មួយ ជាប់ក្នុងភក់ហើយមិនអាចឡើងបាន មហាជនឃើញដំរីនោះហើយ ទើប សន្ទនាគ្នាថា ដំរីមានសភាពបែបនេះ គង់ដល់នូវទុព្វលភាពបែបនេះ ។ ព្រះរាជា ទ្រង់ស្តាប់រឿងនោះហើយ ទ្រង់បង្គាប់នាយហត្ថាចារ្យថា ចូរអ្នកលើកដំរី នោះឡើងអំពីភក់ បុរសនោះទៅហើយ សម្តែងការច្បាំងក្នុងទីនោះ ឲ្យវាយ ស្គរជុំទិសឡើង ។ ដំរីជាសត្វមានពូជនៃមានះ ក្រោកឡើងដោយរហ័ស តាំង នៅលើគោកបាន ។ ភិក្ខុទាំងឡាយឃើញហេតុនោះហើយ ទើបក្រាបទូលដល់ ព្រះសាស្តាៗ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំរីនោះរើខ្លួនឡើងចាកភក់ គឺ ភក់តាមប្រក្រតី ចំណែកអ្នកទាំងឡាយ លិចចុះហើយក្នុងភក់ គឺកិលេស ព្រោះដូច្នោះ អ្នកទាំងឡាយ ចូរផ្តើមសេចក្តីព្យាយាម ដោយឧបាយហើយ រើខ្លួនឡើងចាកភក់ គឺកិលេសនោះចុះ ហើយត្រាស់ព្រះគាថានេះថា អប្បមាទរតា ហោថ សចិត្តមនុរក្ខថ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូររក្សា ចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេសដែលឆ្លង បានដោយកម្រ ដូចដំរីជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អប្បមាទរតា សេចក្តីថា អ្នកទាំងឡាយ ចូរត្រេកអរក្នុងការមិននៅប្រាសចាកសតិ ។ បទថា សចិត្តំ សេចក្តីថា ចូររក្សាចិត្តរបស់ខ្លួនក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម ដោយអាការដែលចិត្តធ្