អដ្ឋកថា មារវត្ថុទី ៨)

ក្បាលទី 34 · ទំព័រ 496

មារមានចិត្តបាប ជ្រាបបរិវិតក្កក្នុងសេចក្តីនោះ របស់ព្រះសាស្តាហើយ ទើបត្រិះរិះថា ព្រះសមណគោតមទ្រង់ត្រិះរិះថា អញអាចគ្រប់គ្រងរាជសម្បត្តិ ឬហ្ន៎ ឥឡូវនេះ ព្រះសមណគោតមនោះ នឹងជាអ្នកប្រាថ្នាដើម្បីគ្រប់គ្រង រាជសម្បត្តិ ឈ្មោះថា រាជសម្បត្តិនេះ ជាទីតាំងនៃសេចក្តីប្រមាទ កាលព្រះសមណ គោតមគ្រប់គ្រងរាជសម្បត្តិនោះ អញអាចបានឱកាស អញនឹងទៅ ញ៉ាំងនូវឧស្សាហៈឲ្យកើតឡើងដល់ទ្រង់ ហើយចូលទៅគាល់ព្រះសាស្តា ក្រាបទូលថា បពិត្រព្រះអង្គ សូមទ្រង់គ្រងរាជសម្បត្តិ សូមទ្រង់គ្រងរាជសម្បត្តិដោយធម៌ មិនបៀតបៀនឯង មិនឲ្យអ្នកដទៃបៀតបៀន មិនឈ្នះឯង មិនឲ្យអ្នកដទៃឈ្នះ មិនសោយសោកឯង មិនឲ្យអ្នកដទៃសោយសោក ។ គ្រានោះ ព្រះសាស្តាត្រាស់នឹងមារនោះថា ម្នាលមារមានចិត្តបាប អ្នក ឃើញអ្វីរបស់តថាគត ទើបអ្នកពោលយ៉ាងនេះ កាលមារទូលថា បពិត្រ ព្រះអង្គ ទ្រង់អប់រំឥទ្ធិបាទ ៤ ល្អហើយ ព្រះដ៏មានព្រះភាគ កាលទ្រង់មាន ព្រះចំណង ទើបទ្រង់បង្អោននឹកដល់ស្តេចភ្នំហិមពាន្តថា ចូរជាមាស ហើយ ស្តេចភ្នំដែលទ្រង់នឹកដល់នោះ គប្បីជាមាសនោះឯង ខ្ញុំព្រះអង្គនឹងធ្វើកិច្ច ដែលគួរធ្វើដោយទ្រព្យដើម្បីព្រះអង្គ ។ ព្រោះហេតុនេះ ទ្រង់នឹងគ្រប់គ្រង រាជសម្បត្តិដោយធម៌ ដូច្នេះហើយ ទ្រង់ញ៉ាំងមារឲ្យសង្វេគដោយគាថា ទាំងនេះថា ព្រះអង្គត្រាស់ថា ភ្នំមាសសុទ្ធមានសម្បុរល្អ ទោះបីភ្នំពីរ ក៏មិន ល្មមគ្រាន់ដល់បុគ្គលម្នាក់ឡើយ បុគ្គលដឹងដូច្នេះ គួរប្រព្រឹត្តស្មើ សត្វណាបានឃើញសេចក្តីទុក្ខ ដែលមានកាមជាហេតុ សត្វ នោះនឹងបង្អោនចិត្តទៅរកកាមដូចម្តេចកើត លុះសត្វបានដឹងច្បាស់ នូវឧបធិក្នុងលោកថា ជាគ្រឿងចំពាក់ ដូច្នេះហើយ គួរសិក្សា ដើម្បីកម្ចាត់បង់នូវឧបធិនោះចេញ ។