អដ្ឋកថា ខេមាថេរីវត្ថុទី ៥
ព្រះនាង បានឮថា ព្រះសាស្តាទ្រង់តិះដៀលទោសរបស់រូប ទើបមិនប្រាថ្នាទៅកាន់ សម្នាក់របស់ព្រះសាស្តា ។ ព្រះរាជាទ្រង់ជ្រាបភាពដែលអគ្គមហេសីនោះ ស្រវឹងក្នុងរូប ទើបត្រាស់ឲ្យពួកអ្នកកវីតែងចម្រៀង ពណ៌នាសរសើរវត្ត វេឡុវ័ន ហើយក៏ត្រាស់ឲ្យព្រះរាជទានដល់ពួកអ្នករបាំជាដើម កាលអ្នករបាំ ទាំងនោះកំពុងច្រៀង ព្រះនាងស្តាប់ហើយ វត្តវេឡុវ័នបានហាក់ដូចមិនធ្លាប់ទត និងទ្រង់ស្តាប់ហើយ ។ ព្រះនាងត្រាស់សួរថា ពួកអ្នកច្រៀងច្រើនដល់ឧទ្យាន ណា កាលអ្នកចម្រៀងទូលថា បពិត្រព្រះទេវី សំដៅដល់ឧទ្យានវេឡុវ័នរបស់ ព្រះរាជា ព្រះនាងក៏ប្រាថ្នាយាងទៅព្រះរាជឧទ្យាន ។ ព្រះសាស្តា ទ្រង់ជ្រាប ការយាងមករបស់ព្រះនាង កាលប្រថាប់គង់សម្តែងធម៌ ក្នុងកណ្តាលបរិស័ទ ទើបទ្រង់និម្មិតស្រីរូបស្អាត ឈរកាន់ផ្លិតស្លឹកត្នោតបក់ក្បែរព្រះអង្គ ។ ឯព្រះនាងខេមាទេវីយាងទៅ ទតឃើញស្រីនោះ ទើបព្រះតម្រិះថា ជនទាំងឡាយនិយាយថា ព្រះសម្មាសម្ពុទ្ធត្រាស់ទោសរបស់រូប ស្រីនេះឈរ បក់ផ្លិត ក្នុងសម្នាក់របស់ព្រះអង្គ ។ អញមិនចូលដល់ចំណែកមួយចម្រៀក របស់ស្រីនេះ រូបស្រីនេះអញមិនធ្លាប់ឃើញ ជនទាំងឡាយប្រហែលពោល ទោសព្រះសាស្តាដោយពាក្យមិនពិត ដូច្នេះហើយ មិនបានដាក់ចិត្តដល់ព្រះ តម្រាស់របស់ព្រះតថាគត បានប្រថាប់ឈរទតមើលស្រីនោះឯង ។ ព្រះសាស្តា ទ្រង់ជ្រាបភាពដែលព្រះនាងមានមានះខ្លាំង កើតឡើងក្នុង រូបនោះ កាលទ្រង់សម្តែងរូបនោះដោយអំណាចវ័យ មានបឋមវ័យជាដើម ទើបទ្រង់សម្តែង ធ្វើឲ្យសល់ត្រឹមតែឆ្អឹងក្នុងទីបំផុត ដោយន័យដែលខ្ញុំពោល ហើយខាងដើមនោះឯង ។