អដ្ឋកថា ចូឡធនុគ្គហបណ្ឌិតវត្ថុទី ៧
ភិក្ខុនោះ មិនបានទឹកក្នុង រោងឆាន់ ក៏ទៅកាន់ផ្ទះមួយខ្នងដើម្បីទឹក ។ កញ្ញាម្នាក់ក្នុងផ្ទះនោះ បានឃើញ ភិក្ខុនោះ កើតសេចក្តីស្នេហា ពោលថា បពិត្រលោកម្ចាស់ បើត្រូវការ ដោយទឹកឆាន់ សូមនិមន្តមកកាន់ផ្ទះនេះទៀតចុះ ។ តាំងអំពីនោះមក ភិក្ខុនោះមិនបានទឹកក្នុងកាលណា ក៏ទៅកាន់ផ្ទះនោះឯង ក្នុងកាលនោះ ។ ចំណែកស្រីនោះ ទទួលបាត្ររបស់លោកហើយប្រគេនទឹក ឆាន់ ។ ពេលវេលាកន្លងទៅដោយអាការយ៉ាងនោះ ។ ថ្ងៃមួយ នាងប្រគេន បបរ ហើយនិមន្តឲ្យគង់ឆាន់ក្នុងផ្ទះនោះឯងហើយប្រគេនបាយ ។ នាងអង្គុយ ក្នុងទីជិតភិក្ខុនោះហើយ លេបខាយពាក្យសម្តីឡើងថា បពិត្រលោកម្ចាស់ ក្នុង ផ្ទះនេះអ្វីដែលឈ្មោះថាអត់ មិនមានឡើយ ខ្ញុំខ្វះតែអ្នកចាត់ចែងការបុណ្ណោះ ភិក្ខុនោះស្តាប់ពាក្យរបស់ស្រីនោះហើយ ២-៣ ថ្ងៃបុណ្ណោះក៏អផ្សុកហើយ ។ ថ្ងៃមួយ ពួកអាគន្តុកភិក្ខុជួបភិក្ខុនោះ ក៏សួរថា អាវុសោ ហេតុអ្វីទើប លោកស្គមលឿងខ្លាំងម្លេះ កាលភិក្ខុនោះឆ្លើយថា អាវុសោ ខ្ញុំអផ្សុក ទើបនាំទៅ កាន់សំណាក់អាចារ្យ និងឧបជ្ឈាយ៍ៗ ទាំងនោះ ក៏នាំភិក្ខុនោះទៅកាន់ សម្នាក់ព្រះសាស្តា ក្រាបទូលសេចក្តីនោះហើយ ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកចង់សឹកឬ ភិក្ខុនោះ ទូលថា ពិតហើយព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ តើព្រោះហេតុអ្វី អ្នកបួស ក្នុងសាសនារបស់ព្រះពុទ្ធ ដែលប្រារព្ធសេចក្តីព្យាយាមដូចតថាគត មិន បានឲ្យគេហៅខ្លួនថាជាព្រះសោតាបន្ន ឬព្រះសកទាគាមី បែរជាឲ្យគេហៅ ថា ជាអ្នកអផ្សុកទៅវិញ អ្នកធ្វើកម្មធ្ងន់ហើយ ទើបទ្រង់សួរថា ព្រោះហេតុ អ្វី ទើបអ្នកអផ្សុក ភិក្ខុនោះទូលថា បពិត្រព្រះអង្គ ទារិកាម្នាក់និយាយនឹង ខ្ញុំព្រះអង្គយ៉ាងនេះ ព្រះសាស្តាត្រាស់ថា ម្