អបុត្តកសេដ្ឋិវត្ថុទី ១១

ក្បាលទី 34 · ទំព័រ 564

រឿង អបុត្តកសេដ្ឋី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសេដ្ឋីឈ្មោះ អបុត្តកៈ ត្រាស់ព្រះធម្មទេសនានេះថា ហនន្តិ ភោគា ទុម្មេធំ ជាដើម ។ បានឮមកថា ព្រះបាទបសេនទិកោសល ទ្រង់ស្តាប់ការធ្វើកាលកិរិយា របស់សេដ្ឋីនោះហើយ ទើបត្រាស់សួរថា ទ្រព្យសម្បត្តិរបស់បុគ្គលដែលឥត បុត្រគួរបានអ្នកណា ទ្រង់បានស្តាប់ថា គួរដល់ព្រះរាជា ទើបឲ្យនាំទ្រព្យអំពី ផ្ទះរបស់សេដ្ឋីនោះមកកាន់រាជត្រកូលអស់ ៧ ថ្ងៃ ហើយទើបយាងចូលទៅកាន់ សម្នាក់របស់ព្រះសាស្តា កាលព្រះសាស្តាត្រាស់ថា មហាបពិត្រ ទ្រង់ យាងមកអំពីណាទាំងកណ្តាលថ្ងៃ ទើបក្រាបទូលថា បពិត្រព្រះអង្គ គហបតី ដែលជាសេដ្ឋីក្នុងក្រុងសាវត្ថីនេះ ធ្វើកាលកិរិយាហើយ ខ្ញុំព្រះអង្គនាំទ្រព្យសម្បត្តិ សេដ្ឋីដែលមិនមានកូននោះ ទៅទុកក្នុងរាជសម្នាក់ ហើយទើបត្រឡប់មក ។