អដ្ឋកថា កោកាលិកវត្ថុទី ៣
អត្ថនៃរឿង នោះ បណ្ឌិតគប្បីជ្រាបដោយន័យ ដែលព្រះអដ្ឋកថាចារ្យពោលហើយ ក្នុង អដ្ឋកថានោះឯង ។ កាលកោកាលិកៈកើតក្នុងបទុមនរកភិក្ខុ ទាំងឡាយសន្ទនាគ្នាក្នុងធម្មសភា ថា ឱភិក្ខុឈ្មោះកោកាលិកៈដល់នូវការវិនាសហើយ ព្រោះអាស្រ័យមាត់របស់ ខ្លួន កាលលោកជេរអគ្គសាវ័កទាំងពីរនោះឯង ផែនដីបានឲ្យចន្លោះហើយ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នក អង្គុយប្រជុំគ្នាដោយកថាអ្វីអម្បាញ់មិញនេះ កាលភិក្ខុទាំងឡាយក្រាបទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កោកាលិកភិក្ខុវិនាស ព្រោះអាស្រ័យមាត់របស់ខ្លួន ក្នុងឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាល មុន កោកាលិកភិក្ខុក៏វិនាសហើយព្រោះអាស្រ័យមាត់របស់ខ្លួនដូចគ្នា កាល ភិក្ខុទាំងឡាយ ប្រាថ្នានឹងស្តាប់សេចក្តីនោះ ទូលអារាធនាហើយ កាលទ្រង់ ប្រកាសសេចក្តីនោះ ទ្រង់បាននាំអតីតនិទានមកត្រាស់ថា ក្នុងអតីតកាល អណ្តើកមួយអាស្រ័យនៅក្នុងស្រះមួយកន្លែង ក្នុងហិមវន្តប្បទេស កូនហង្សពីរត្រាច់ទៅដើម្បីរកចំណី ធ្វើនូវការស្និទ្ធស្នាលជាមួយនឹង អណ្តើកនោះ ជាអ្នកស្និទ្ធស្នាលយ៉ាងក្រៃលែង ។ ថ្ងៃមួយ ទើបសួរអណ្តើក ថា នែសម្លាញ់ លំនៅរបស់ពួកខ្ញុំក្នុងគុហាមាស លើកំពូលភ្នំឈ្មោះចិត្តកូដ ក្នុងហិមវន្តប្បទេស ជាប្រទេសដែលគួរត្រេកអរ ឯងទៅជាមួយពួកយើងដែរ ឬទេ អណ្តើកពោលថា តើខ្ញុំទៅបានដូចម្តេច ហង្សពោលថា ពួកយើងនឹង នាំឯងទៅ បើឯងអាចរក្សាមាត់បាន អណ្តើកពោលថា នែសម្លាញ់ ខ្ញុំអាច សូមឯងទាំងពីរនាំខ្ញុំទៅចុះ ហង្សទាំងពីរពោលថា សាធុ ហើយឲ្យអណ្តើកខាំ កំណាត់ឈើមួយ ចំណែកខ្លួនឯងពាំចុងទាំងសងខាង នៃកំណាត់ឈើនោះ ហើយហើរទៅកាន់អាកាស ។