សម្ពហុលភិក្ខុវត្ថុទី ៧
រឿង សម្ពហុលភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុច្រើនរូប ត្រាស់ព្រះធម្មទេសនានេះថា មេត្តាវិហារី ជាដើម ។ សេចក្តីពិស្តារថា សម័យមួយ កាលព្រះមហាកច្ចាយនៈអាស្រ័យ កុររឃរនគរ ក្នុងអវន្តីជនបទ ត្រង់ភ្នំឈ្មោះបវត្តៈ ឧបាសកម្នាក់ឈ្មោះ សោណកុដិកណ្ណៈ ជ្រះថ្លាក្នុងធម្មកថារបស់ព្រះថេរៈ ប្រាថ្នានឹងបួសក្នុងសម្នាក់ របស់ព្រះថេរៈ សូម្បីព្រះថេរៈឃាត់ដល់ទៅ ២ ដងថា នែសោណៈ ព្រហ្មចរិយៈមានភត្តម្តង ដេកម្តង ដរាបដល់អស់ជីវិត ជាវត្ថុដែលបុគ្គលធ្វើបាន ដោយលំបាក ក៏នៅជាអ្នកមានឧស្សាហ៍យ៉ាងខ្លាំងក្លាក្នុងបព្វជ្ជា ក្នុងវារៈទី ៣ អង្វរព្រះថេរៈ ក៏បព្វជ្ជាហើយ កន្លងទៅ ៣ ឆ្នាំ ទើបបានឧបសម្បទា ព្រោះ ទក្ខិណាជនបទមានភិក្ខុតិច ជាអ្នកប្រាថ្នាគាល់ព្រះសាស្តាចំពោះព្រះភក្ត្រ ទើប លាព្រះឧបជ្ឈាយ៍ កាន់យកដំណឹងដែលឧបជ្ឈាយ៍ឲ្យហើយ ទៅកាន់វត្តជេតពនដោយលំដាប់ ថ្វាយបង្គំព្រះសាស្តា បានទទួលបដិសណ្ឋារៈហើយ កាល ព្រះសាស្តាទ្រង់អនុញ្ញាតសេនាសនៈ ក្នុងព្រះគន្ធកុដិជាមួយទ្រង់នោះឯង ឲ្យ រាត្រីចំណែកច្រើនកន្លងទៅខាងក្រៅ គឺនៅខាងក្រៅព្រះគន្ធកុដិ ហើយចូលទៅ កាន់ព្រះគន្ធកុដិ ក្នុងកណ្តាលរាត្រី ឲ្យចំណែក នៃរាត្រីនោះកន្លងទៅហើយត្រ ង់សេនាសនៈដែលដល់ហើយដល់ខ្លួន ក្នុងពេលទៀបភ្លឺ កាលព្រះសាស្តា ទ្រង់និមន្តហើយ បានសូធ្យព្រះសូត្រអស់ ១៦ សូត្រ ដោយទំនងសរភញ្ញ ដែលចាត់ជាអដ្ឋកវគ្គ ។