អដ្ឋកថា អដ្ឋកថា (បសាទពហុលព្រាហ្មណវត្ថុទី ១

ក្បាលទី 34 · ទំព័រ 659

ម្នាលព្រាហ្មណ៍ ចូរអ្នកខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរ បន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជា អ្នកដឹងនូវព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា បរក្កម្ម ជាដើម សេចក្តីថា ឈ្មោះថា ក្រសែតណ្ហា បុគ្គលណាម្នាក់មិនអាចកាត់បាន ដោយសេចក្តីព្យាយាម មាន ប្រមាណតិច ហេតុនោះ ចូរអ្នកព្យាយាមកាត់ក្រសែនោះ ដោយការប្រឹងប្រែង ដ៏ធំ ដែលសម្បយុត្តដោយញាណ គឺចូរបន្ទោបង់ បានដល់ ចូរបណ្តេញកាម ទាំងពីរចុះ ។ បទថា ព្រាហ្មណ នោះ ជាពាក្យហៅព្រះខីណាស្រពទាំងឡាយ ។ បទថា សង្ខារានំ សេចក្តីថា ដឹងនូវការអស់ទៅនៃខន្ធ ៥ ។ បទថា អកតញ្ញូ សេចក្តីថា កាលបើដូច្នោះ អ្នកជាបុគ្គលឈ្មោះថា អកតញ្ញូ ព្រោះដឹងនូវព្រះនិព្វាន ដែលធម៌ណាមួយ បណ្តាលោកធាតុទាំងឡាយ មានមាសជាដើមធ្វើមិនបាន ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងព្រាហ្មណ៍មានសេចក្តីជ្រះថ្លាច្រើន ចប់