អដ្ឋកថា មហាបជាបតិគោតមីវត្ថុទី ៨
កាលពោលយ៉ាងនោះហើយ ភិក្ខុនីទាំងឡាយប្រព្រឹត្តរង្កៀស រមែងមិន ធ្វើឧបោសថ មិនធ្វើបវារណារួមជាមួយព្រះនាងឡើយ ភិក្ខុនីទាំងឡាយនោះ ទៅក្រាបទូលសេចក្តីនោះដល់ព្រះតថាគតហើយ ។ ព្រះសាស្តា ទ្រង់ស្តាប់ពាក្យរបស់ភិក្ខុនីទាំងនោះហើយ ទើបត្រាស់ថា គរុធម៌ ៨ ប្រការ តថាគតឲ្យហើយដល់ព្រះនាងបជាបតិគោតមី តថាគតនេះ ឯងជាអាចារ្យ ជាឧបជ្ឈាយ៍របស់ព្រះនាង ឈ្មោះថា សេចក្តីរង្កៀសក្នុងព្រះខីណា ស្រពទាំងឡាយ ជាអ្នកវៀរហើយចាកទុច្ចរិតទាំងឡាយ មានកាយទុច្ចរិត ជាដើមដែលអ្នកទាំងឡាយមិនគួរធ្វើ ដូច្នេះហើយ កាលទ្រង់សម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថា យស្ស កាយេន វាចាយ មនសា នត្ថិ ទុក្កតំ សំវុតំ តីហិ ឋានេហិ តមហំ ព្រូមិ ព្រាហ្មណំ ។ អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្តរបស់បុគ្គល ណាមិនមានទេ តថាគតហៅបុគ្គលដែលបានសង្រួមដោយ ឋានៈទាំង ៣ នោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយកម្ម មានទោស គឺមានទោសជាផល ដែលញ៉ាំងសត្វឲ្យប្រព្រឹត្តទៅក្នុង អបាយ ឈ្មោះថា ទុក្កតំ ក្នុងព្រះគាថានោះ ។ ពីរបទថា តីហិ ឋានេហិ សេចក្តីថា តថាគតហៅបុគ្គលដែលមានទ្វារ បិទហើយ ដើម្បីហាមការចូលទៅនៃទុច្ចរិតជាដើម ដោយហេតុ ៣ មានកាយ ជាដើមទាំងនោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះនាងមហាបជាបតិគោតមី ចប់