អដ្ឋកថា សារីបុត្តត្ថេរវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 677

ភិក្ខុទាំងឡាយពោលថា ព្រះសារីបុត្តជាមិច្ឆាទិដ្ឋិ សូម្បីថ្ងៃនេះក៏នៅតែ សិងនមស្ការទិសទាំងឡាយ ដូច្នេះហើយ ក្រាបទូលសេចក្តីនោះដល់ព្រះដ៏មាន ព្រះភាគ ។ ព្រះសាស្តាត្រាស់ឲ្យហៅព្រះថេរៈមកហើយ ត្រាស់សួរថា ម្នាលសារីបុត្ត បានឮថា អ្នកដេកនមស្ការទិសទាំងឡាយពិតឬ កាលព្រះថេរៈក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់បុណ្ណោះរមែងជ្រាបការគោរពទិស ឬមិនគោរពទិសទាំងឡាយរបស់ខ្ញុំព្រះអង្គ ដូច្នេះហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្ត មិនមែនគោរពទិសទាំងឡាយ តែព្រោះសារីបុត្តបានស្តាប់ធម៌អំពីសំណាក់របស់ អស្សជិ ហើយសម្រេចសោតាបត្តិផល ទើបដេកគោរពអាចារ្យរបស់ខ្លួន ព្រោះថា ភិក្ខុអាស្រ័យអាចារ្យណាត្រាស់ដឹងធម៌ ភិក្ខុនោះ គប្បីនមស្ការអាចារ្យ នោះដោយគោរព ដូចព្រាហ្មណ៍នមស្ការភ្លើងដូច្នោះ ដូច្នេះហើយ កាលទ្រង់ សម្តែងធម៌ ទើបត្រាស់ព្រះគាថានេះថា យម្ញា ធម្មំ វិជានេយ្យ សម្មាសម្ពុទ្ធទេសិតំ សក្កច្ចំ តំ នមស្សេយ្យ អគ្គិហុត្តំវ ព្រាហ្មណោ ។ បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះ ដោយគោរព ដូច ព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដូច្នោះដែរ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អគ្គិហុត្តំវ សេចក្តីថា បុគ្គលគប្បីដឹងច្បាស់ នូវធម៌ដែលតថាគតប្រកាសហើយអំពីអាចារ្យណា គប្បីនមស្ការអាចារ្យនោះ ដោយគោរព ដូចព្រាហ្មណ៍នមស្ការការបូជាភ្លើងដោយគោរព ដោយការបម្រើ ដោយល្អ និងដោយកិច្ចទាំងឡាយ មានអញ្ជលីកម្មជាដើម ដូច្នោះ ។