អដ្ឋកថា កុហកព្រាហ្មណវត្ថុទី ១១
បានឮថា ព្រាហ្មណ៍នោះឡើងដើមថ្ងាន់មួយដើម ជិតទ្វារនគរវេសាលី យកជើងទាំងពីរពាក់លើមែកឈើ សំយុងក្បាលចុះក្រោមពោលថា ចូរអ្នក ទាំងឡាយឲ្យគោក្រហមមួយរយដល់យើង ចូរឲ្យកហាបណៈទាំងឡាយដល់ យើង ចូរឲ្យទាសីដល់យើង បើអ្នកទាំងឡាយមិនឲ្យទេ យើងនឹងទម្លាក់ខ្លួន ពីលើដើមថ្ងាន់នេះឲ្យស្លាប់ នឹងធ្វើព្រះនគរមិនឲ្យជាព្រះនគរ ។ ក្នុងកាល ព្រះដ៏មានព្រះភាគយាងចូលទៅកាន់ព្រះនគរ ដែលមានពួកភិក្ខុចោមរោម ហើយ ភិក្ខុទាំងឡាយឃើញព្រាហ្មណ៍នោះហើយ ក្នុងកាលដែលទ្រង់ចេញ ទៅ ក៏បានឃើញព្រាហ្មណ៍នោះ សំយុងក្បាលយ៉ាងនោះដូចគ្នា ចំណែកអ្នកនគរ ត្រិះរិះថា ព្រាហ្មណ៍នេះ សំយុងយ៉ាងនេះតាំងអំពីព្រឹកគប្បីធ្លាក់ស្លាប់ ធ្វើនគរ មិនឲ្យជានគរ ខ្លាចការលិចចុះនៃព្រះនគរ ទើបព្រមទទួលថា ពួកយើងនឹងឲ្យ គ្រប់យ៉ាងតាមដែលព្រាហ្មណ៍សូម ហើយបានឲ្យព្រាហ្មណ៍បានចុះ ទទួលយក របស់ទាំងពួងទៅ ។ ភិក្ខុទាំងឡាយ ឃើញព្រាហ្មណ៍ត្រាច់ទៅដូចមេគោក្បែរឧបចារៈនៃវិហារ ចាំបាន ក៏សួរថា នែព្រាហ្មណ៍ លោកបានទ្រព្យតាមប្រាថ្នាហើយឬ ព្រាហ្មណ៍ ប្រាប់ថា ខ្ញុំបានហើយ ទើបក្រាបទូលរឿងនោះដល់ព្រះតថាគតខាងក្នុងវិហារ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍នោះជាចោរ បោក បញ្ឆោតក្នុងកាលនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុនក៏ជាចោរបោកបញ្ឆោត ហើយដូចគ្នា ឥឡូវនេះ ព្រាហ្មណ៍នោះបោកបានតែជនពាល តែក្នុងកាលមុន មិនអាចបោកបញ្ឆោតបណ្ឌិតបានឡើយ ដូច្នេះហើយ កាលភិក្ខុទាំងនោះទូល អារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថា ក្នុងអតីតកាល តាបសបោកបញ្ឆោតមួយរូប អាស្រ័យកាសិកគ្រាមមួយ សម្រេចការនៅ ។