អដ្ឋកថា កិសាគោតមីវត្ថុទី ១២
ក្នុងខណៈនោះ នាងកិសាគោតមីគិតថា អញនឹងគាល់ព្រះសាស្តា ហោះ តាមអាកាសហើយ ឃើញសក្កទេវរាជ ទើបត្រឡប់ទៅ ។ សក្កទេវរាជ ទត ឃើញនាងដែលថ្វាយបង្គំហើយត្រឡប់ទៅ ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គ ភិក្ខុនីនោះឈ្មោះអ្វី មកឃើញទ្រង់ហើយក៏ត្រឡប់ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ភិក្ខុនីនោះឈ្មោះកិសាគោតមី ជាធីតារបស់តថាគត ជាកំពូលនៃ ព្រះថេរីខាងទ្រទ្រង់សំពត់បង្សុកូលទាំងឡាយដូច្នេះ ត្រាស់ព្រះគាថានេះថា បំសុកូលធរំ ជន្តុំ កិសន្ធមនិសន្ថតំ ឯកំ វនស្មឹ ឈាយន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគត ហៅបុគ្គលអ្នកទ្រទ្រង់សំពត់បង្សុកូល មានកាយ ស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើន ឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា កិសំ សេចក្តីថា ជនទាំងឡាយដែលទ្រទ្រង់ សំពត់បង្សុកូល បំពេញបដិបទាសមគួរដល់ខ្លួន រមែងជាអ្នកមានសាច់ និង ឈាមតិច ជាបុគ្គលមានខ្លួនរវាមដោយសរសៃ ហេតុនោះ ទើបព្រះសាស្តា ត្រាស់យ៉ាងនោះ ។ ពីរបទថា ឯកំ វនស្មឹ សេចក្តីថា តថាគតរមែងហៅបុគ្គលដែលសម្លឹង ជាអ្នកនៅតែឯងក្នុងទីស្ងាត់នោះ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង កិសាគោតមី ចប់