អដ្ឋកថា សីវលិត្ថេរវត្ថុទី ៣១
សេចក្តីពិស្តារថា សម័យមួយ ធីតារបស់កោលិយវង្ស ព្រះនាមថា សុប្បវាសា ព្រះនាងទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌វង្វេងអស់ ៧ ថ្ងៃ ត្រូវទុក្ខវេទនា ដ៏ខ្លាំងក្លា ក្តៅក្រហាយពាល់ត្រូវហើយ ព្រះនាងអត់ធន់ក្នុងទុក្ខនោះដោយ វិតក្ក ៣ គឺព្រះដ៏មានព្រះភាគអង្គណា ទ្រង់សម្តែងធម៌ដើម្បីលះទុក្ខនៃរូបនេះ ឯង ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹងឯងដោយប្រពៃហ្ន៎ ១ ព្រះសង្ឃ សាវ័កណា បដិបត្តិដើម្បីលះទុក្ខនៃរូបនេះឯង ព្រះសង្ឃសាវ័កនោះរបស់ ព្រះដ៏មានព្រះភាគអង្គនោះ ជាអ្នកបដិបត្តិល្អហើយហ្ន៎ ១ ទុក្ខបែបនេះ មិនមាន ក្នុងព្រះនិព្វានណា ព្រះនិព្វាននោះជាសុខហ្ន៎ ១ ដូច្នេះហើយ ព្រះនាងបញ្ជូន ស្វាមីទៅកាន់សម្នាក់ព្រះសាស្តា កាលព្រះស្វាមីនោះ ក្រាបទូលនូវការថ្វាយបង្គំ ដល់ព្រះសាស្តា តាមពាក្យរបស់ព្រះនាងហើយ ក្នុងខណៈដែលព្រះដ៏មាន ព្រះភាគត្រាស់ថា ព្រះធីតាកោលិយវង្ស ព្រះនាមសុប្បវាសា ចូរមាន សេចក្តីសុខ កុំបីមានរោគ ប្រសូតឱរសដោយមិនមានរោគចុះ ដូច្នេះនោះឯង ជាអ្នកសប្បាយ ប្រាសចាករោគ ប្រសូតព្រះឱរសមិនមានរោគហើយ ព្រះនាង និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយបានថ្វាយមហាទានអស់ ៧ ថ្ងៃ ។ ឱរសរបស់ព្រះនាងកាន់យកធម្មក្រក ត្រងទឹកថ្វាយសង្ឃបាន ចាប់តាំងពី ថ្ងៃដែលកើតហើយ ។ ក្នុងកាលតមក ព្រះឱរសនោះ ចេញបព្វជ្ជាហើយ សម្រេចអរហត្ត ។ ថ្ងៃមួយ ពួកភិក្ខុសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ ចូរពួកលោកមើល ភិក្ខុដល់ព្រមដោយឧបនិស្ស័យនៃអរហត្តបែបនេះ គង់ សោយទុក្ខក្នុងផ្ទៃមាតាអស់កាលមានប្រមាណបុណ្ណេះ នឹងពោលថ្វីដល់ជន ដទៃ ទុក្ខជាច្រើនហ្ន៎ ដែលភិក្ខុនេះដកចោលហើយ ។