អដ្ឋកថា ជដិលត្ថេរវត្ថុទី ៣៣
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមដូច្នេះឯង ។ រឿង ព្រះសីវលិត្ថេរ ចប់ ៥ រឿង ព្រះសុន្ទរសមុទ្ទត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសុន្ទរសមុទ្ទត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោធ កាមេ ជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី កុលបុត្រម្នាក់ឈ្មោះសុន្ទរសមុទ្ទកុមារ កើត ក្នុងត្រកូលធំ មានសម្បត្តិ ៤០ កោដិ ។ ថ្ងៃមួយ ឃើញមហាជន មានគ្រឿងក្រអូប និងកម្រងផ្កាក្នុងដៃជាដើម ទៅកាន់វត្តជេតពនដើម្បីស្តាប់ធម៌ ក្នុងកាលខាងក្រោយភត្ត ទើបសួរថា ពួក លោកនាំគ្នាទៅណា កាលមហាជនទាំងនោះប្រាប់ថា ពួកយើងទៅកាន់សម្នាក់ ព្រះសាស្តា ដើម្បីប្រយោជន៍ដល់ការស្តាប់ធម៌ ក៏ពោលថា ខ្ញុំក៏ទៅដែរ ហើយទៅជាមួយនឹងមហាជនទាំងនោះ អង្គុយខាងចុងបរិស័ទ ។ ព្រះសាស្តាទ្រង់ជ្រាបអាធ្យាស្រ័យរបស់កុមារ ទើបទ្រង់សម្តែងអនុបុព្វីកថា កុមារគិតថា បុគ្គលដែលគ្រប់គ្រងផ្ទះ មិនអាចប្រព្រឹត្តព្រហ្មចរិយៈឲ្យដូចជា ស័ង្ខដែលគេខាត់ហើយបាន អាស្រ័យកថារបស់ព្រះសាស្តា មានឧស្សាហៈ កើតហើយក្នុងបព្វជ្ជា កាលបរិស័ទចៀសចេញទៅហើយ ទើបទូលសូមបព្វជ្ជា នឹងព្រះសាស្តា លុះបានឮថា ព្រះតថាគតទាំងឡាយមិនឲ្យកុលបុត្រដែលមាតាបិតា មិនទាន់អនុញ្ញាតបួស ទើបចូលទៅកាន់ផ្ទះ ញ៉ាំងមាតាបិតាឲ្យអនុញ្ញាត ដោយសេចក្តីព្យាយាមច្រើន ដូចកុលបុត្រឈ្មោះរដ្ឋបាលជាដើម បានបព្វជ្ជា ឧបសម្បទាក្នុងសម្នាក់ព្រះសាស្តាហើយ គិតថា ប្រយោជន៍អ្វីរបស់អញ ដោយការនៅក្នុងទីនេះ ទើបចេញអំពីក្រុងសាវត្ថី ទៅកាន់ក្រុងរាជគ្រឹះ ត្រាច់បិណ្ឌបាត ញ៉ាំងកាលឲ្យកន្លងទៅហើយ ។