អដ្ឋកថា នដបុត្តកត្ថេរវត្ថុទី ៣៦

ក្បាលទី 34 · ទំព័រ 779

តថាគតហៅបុគ្គល ដែលលះបង់សេចក្តីត្រេកអរក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេស គ្របសង្កត់លោកទាំងពួង មានសេចក្តី ព្យាយាមនោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា រតឹ បានដល់ សេចក្តីត្រេកអរក្នុង កាមគុណ ៥ ។ បទថា អរតឹ បានដល់ បុគ្គលមិនត្រេកអរក្នុងការនៅព្រៃ ។ បទថា សីតិភូតំ បានដល់ ជាអ្នករម្លត់ហើយ ។ បទថា និរូបធឹ បានដល់ អ្នកមិនមានឧបធិ គឺកិលេស ។