បឋមពោធិសូត្រ

ក្បាលទី 35 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្បែរគល់ពោធិព្រឹក្ស ទៀបឆ្នេរស្ទឹង នេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយ វិមុត្តិសុខអស់មួយសប្តាហ៍ ( ៧ ថ្ងៃ ) ។ លុះអំណឹះសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ទ្រង់រំពឹងក្នុងព្រះហបឫទ័យចំពោះ បដិច្ចសមុប្បាទធម៌ ជាអនុលោម គឺពិចារណាបណ្តោយ អស់រាត្រីបឋមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះការកើតឡើងនៃបច្ច័យនេះ គឺសង្ខារទាំងឡាយ កើតមាន ព្រោះ អវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈ កើតមាន ព្រោះសឡាយតនៈជាបច័្ចយ វេទនា កើតមាន ព្រោះ ផស្សៈជាបច្ច័យ តណ្ហា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន កើតមាន ព្រោះតណ្ហាជាបច្ច័យ ភព កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតព្រម ការកើតឡើងនៃកងទុក្ខទាំងអស់ នោះ រមែងមានយ៉ាងនេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយ ទាំងពួងរបស់ព្រាហ្មណ៍នោះ រមែង អស់ទៅ ក្នុងកាលនោះ ព្រោះដឹងច្បាស់នូវធម៌ ព្រមទាំងហេតុ ។