អដ្ឋកថាទុតិយពោធិសូត្រ
ទុតិយពោធិសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះថា បទថា បដិលោមំ សេចក្តីថា បច្ចយាការ មានអវិជ្ជា ជាដើមដែលពោលដោយន័យជាដើមថា ព្រោះអវិជ្ជារលត់ ទើបសង្ខាររលត់ ដូច្នេះ កាលរលត់ដោយការរលត់ ដោយមិនកើតឡើង ទើបលោកហៅថា បដិលោម ព្រោះមិនធ្វើកិច្ចដែលខ្លួនគួរធ្វើ ម្យ៉ាងទៀត ឈ្មោះថា បដិលោម ព្រោះប្រញ្ចាសប្រព្រឹត្តទៅ ព្រោះមិនពោលដល់ តាំងអំពីទីបំផុត ឬត្រង់ កណ្តាល រហូតដល់ខាងដើម ក្នុងទីនេះ ភាពដែលបច្ចយាការ ជាបដិលោម ដោយសេចក្តីដទៃអំពីនេះ ទើបមិនត្រូវ ។ ម្យ៉ាងទៀត បទថា បដិលោម ជាការសម្តែងភាវនបុំសកលិង្គ ដូចក្នុងប្រយោគជាដើមថា វិសមំ ចន្ទិមសុរិយា បរិវត្តន្តិ ព្រះចន្ទ និងព្រះអាទិត្យគោចរទៅមិនស្មើ ។ បទថា ឥមស្មឹ អសតិ ឥទំ ន ហោតិ សេចក្តីថា កាលបច្ច័យ មានអវិជ្ជាជាដើម មិនមាន គឺត្រូវមគ្គលះហើយ ផល មានសង្ខារជាដើម ក៏មិនមាន គឺប្រព្រឹត្ត ទៅមិនបាន ។ បទថា ឥមស្ស និរោធា ឥទំ និរុជ្ឈតិ សេចក្តីថា ព្រោះ បច្ច័យ មានអវិជ្ជាជាដើមនេះរលត់ គឺព្រោះមគ្គឲ្យដល់នូវភាពជាធម្មជាត មិនកើតឡើងជាសភាវៈ ទើបផល មានសង្ខារជាដើមនេះ រលត់ គឺមិន ប្រព្រឹត្តទៅ ។ ក្នុងសេចក្តីនេះ គប្បីជ្រាបថា លោកសម្តែងលក្ខណៈដែល កំណត់ចុះខាងក្នុងជាដើមថា កាលបច្ច័យ មានអវិជ្ជាជាដើមនេះមិនមាន ព្រោះ បច្ច័យ មានអវិជ្ជាជាដើមនេះរលត់ គឺមិនកើត ដូចលោកសម្តែងលក្ខណៈ ដែលកំណត់ចុះជាដើមថា កាលបច្ច័យ មានអវិជ្ជាជាដើមនេះមាន គឺមិនមែន មិនមាន ព្រោះបច្ច័យ គឺអវិជ្ជាជាដើមនៅកើតឡើង គឺមិនរលត់ ដូចក្នុង ពាក្យនេះថា កាលបច្ច័យ មានអវិជ្ជាជាដើមនេះមាន ផល មានសង្ខារ ជាដើមនេះក៏មាន ព្រោះបច្ច័យ មានអវិជ្ជាជាដើមនេះកើត ផល មានសង្ខារ ជាដើមនេះក៏កើត ។