ហុំហុំកសូត្រ

ក្បាលទី 35 · ទំព័រ 107

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹង នេរញ្ជរាក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់មួយសប្តាហ៍ ។ លុះកន្លងសប្តាហ៍ នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ។ គ្រានោះ ព្រាហ្មណ៍ម្នាក់ ជាហុំហុំកជាតិកៈ ( មានជាតិជាអ្នកធ្វើសំឡេងគំរាមថា ហុំ ហុំ ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី រីករាយ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររពឫកហើយ ក៏ស្ថិតក្នុងទីសមគួរ ។ លុះព្រាហ្មណ៍នោះ ស្ថិតនៅក្នុងទី សមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ ចម្រើន បុគ្គលដែលហៅថា ព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌ អ្វីខ្លះ សម្រាប់ធ្វើបុគ្គលឲ្យជាព្រាហ្មណ៍ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាប ច្បាស់នូវបញ្ញានុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា ព្រាហ្មណ៍ណា មានបាបធម៌បណ្តែតចោលហើយ មានសំឡេង គំរាមថា ហុំហុំ លះចោលហើយ មានទឹកចត់ គឺរាគាទិក្កិលេស លះចោលហើយ មានចិត្តសង្រួមហើយ ចេះចប់នូវវេទ គឺ មគ្គញ្ញាណទាំង ៤ មានមគ្គព្រហ្មចរិយធម៌អប់រំហើយ មួយ ទៀត ព្រាហ្មណ៍ណា មិនមានគំនរ គឺរាគាទិក្កិលេស ក្នុង អារម្មណ៍បន្តិចបន្តួច ក្នុងលោកសន្និវាស ព្រាហ្មណ៍នោះ ទើប គួរនឹងហៅខ្លួនថាជាព្រាហ្មណ៍ ដោយធម៌បាន ។ សូត្រទី ៤ ។ ៥