ថេរសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុ ផង ព្រះមហាកស្សបៈដ៏មានអាយុផង ព្រះមហាកច្ចានៈដ៏មានអាយុផង ព្រះមហា កោដ្ឋិតៈដ៏មានអាយុផង ព្រះមហាកប្បិនដ៏មានអាយុផង ព្រះមហាចុន្ទ ដ៏មានអាយុផង ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះរេវតៈដ៏មានអាយុផង ព្រះនន្ទ ដ៏មានអាយុផង ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ក៏បាន ទតឃើញពួកលោកដ៏មានអាយុ អម្បាលនោះ ដែលកំពុងដើរមកអំពីឆ្ងាយ លុះឃើញហើយ បានត្រាស់ប្រាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ ទាំងនុ៎ះ កំពុងដើរមក ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ទាំងនុ៎ះ កំពុងដើរ មក ។ កាលបើព្រះមានព្រះភាគ សម្តែងយ៉ាងនេះហើយ ភិក្ខុមួយរូប មាន ជាតិជាព្រាហ្មណ៍ បានទូលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ដោយហេតុដូចម្តេច មួយទៀត ធម៌ដូចម្តេចខ្លះ ដែលធ្វើបុគ្គលឲ្យជាព្រាហ្មណ៍ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវបញ្ញានុ៎ះហើយ ទើបបន្លឺនូវឧទាននេះក្នុងវេលានោះថា បុគ្គលណា បានបណ្តែតចោលនូវធម៌ដ៏លាមក មានស្មារតីប្រព្រឹត្តទៅ គ្រប់កាល ជាអ្នកអស់សំយោជនៈ ( ត្រាស់ដឹងនូវសច្ចធម៌ ) បុគ្គលនោះ ឯង ឈ្មោះថា ព្រាហ្មណ៍ក្នុងលោក ។ សូត្រទី ៥ ។