អដ្ឋកថាមហាកស្សបសូត្រ
មហាកស្សបសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា រាជគហេ បានដល់ ជិតនគរដែលមានឈ្មោះយ៉ាង នេះ ។ ពិតហើយ នគរនោះ ហៅថា រាជគ្រឹះ ព្រោះព្រះបាទមហាមន្ធាតុ និងព្រះបាទមហាគោវិន្ទជាដើមគ្រប់គ្រង អាចារ្យខ្លះពណ៌នាសេចក្តីនេះ ដោយ ប្រការដទៃ មានជាដើមថា ឈ្មោះថា រាជគ្រឹះ ព្រោះជាផ្ទះរបស់ព្រះរាជា ដែលសត្រូវណាម្នាក់គ្របសង្កត់បានដោយលំបាក ។ លោកអាចារ្យទាំងនោះ នឹងមានប្រយោជន៍អ្វី ។ ពាក្យថា រាជគ្រឹះ នោះ ជាឈ្មោះនៃនគរនោះ ។ នគររាជគ្រឹះនោះ ជាក្រុងនៅក្នុងសម័យពុទ្ធកាល និងសម័យស្តេចចក្រពត្តិក ្នុងកាលដទៃ ជាក្រុងដែលគេបោះបង់ ពួកយក្សគ្រប់គ្រង ក្លាយជាលំនៅ របស់ពួកយក្សទាំងនោះ ។ ពាក្យថា វេឡុវនំ ក្នុងពាក្យថា វេឡុវនេ កលន្ទកនិវាបេ ជាឈ្មោះរបស់វិហារនោះ ។ បានឮថា វត្តវេឡុវ័ននោះ ព័ទ្ធ ដោយកំពែងកម្ពស់ ១៨ ហត្ថ ប្រដាប់ដោយមហាគន្ធកុដិ ជាទីគង់ប្រថាប់ របស់ព្រះមានព្រះភាគ និងដោយវត្ថុដទៃ មានប្រាសាទ កុដិ ទីសម្ងំ មណ្ឌប ទីចង្រ្កម និងខ្លោងទ្វារជាដើម ខាងក្រៅ ព័ទ្ធដោយគុម្ពបឫស្សី មានពណ៌ខេវោ គួរជាទីត្រេកអរ ព្រោះដូច្នោះ ទើបឈ្មោះថា វេឡុវន ។ និងហៅថា កលន្ទកនិវាប ព្រោះជាទីឲ្យចំណីដល់ពួកសត្វកង្ហែន បានឮថា សម័យមុន ព្រះរាជាមួយអង្គ ទ្រង់ប្រពាសព្រះរាជឧទ្យាននោះ ទ្រង់ស្រវឹងទឹកចណ្ឌ ទើប ផ្ទំក្នុងពេលថ្ងៃ ឯបរិវាររបស់ព្រះរាជានោះ គិតថា ព្រះរាជាផ្ទំលក់ហើយត្រ ូវលួងលោមដោយផ្កា និងផ្លែឈើ ទើបចៀសចេញទៅក្នុងទិស និងផ្លូវ ផ្សេងៗ ។