បាវាសូត្រ

ក្បាលទី 35 · ទំព័រ 134

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអជកលាបកចេតិយ ជាលំនៅនៃអជកលាបកយក្ស ជិតក្រុង បាវា ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាល នៅវេលា រាត្រីងងឹតអ័ព្ទ ទាំងភ្លៀង ក៏កំពុងរលឹមស្រិបៗ ។ លំដាប់នោះ អជកលាបកយក្ស មានបំណងនឹងធ្វើព្រះមានព្រះភាគឲ្យខ្លាច តក់ស្លុតព្រឺព្រះរោមា បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏មានសម្តីគំហក បន្លាច ធ្វើសំឡេងសន្ធាប់ខ្លាំងៗ អស់វារៈ ៣ ដង ជិតព្រះមានព្រះភាគថា នែព្រះសមណៈ នុ៎ះន៏បិសាច ( ឈរខាងមុខ ) ចំពោះលោកហើយ ។ លុះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុង វេលានោះថា កាលណា បុគ្គលណាដល់ត្រើយក្នុងសកធម៌ទាំងឡាយ ក្នុងកាលនោះ បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ រមែងគ្របសង្កត់នូវបីសាចផង នូវ សំឡេងសន្ធាប់ផងយ៉ាងនេះ ក្នុងកាលនោះ ។ សូត្រទី ៧ ។