អដ្ឋកថាពាហិយសូត្រ

ក្បាលទី 35 · ទំព័រ 167

មានវិនិច្ឆ័យដូចតទៅនេះ បទថា ពាហិយោ ជាឈ្មោះរបស់លោក ។ បទថា ទារុចីរិយោ បានដល់ សំពត់ដែលក្រងធ្វើដោយសម្បកឈើ ។ បទថា សុប្បារកេ បានដល់ នៅត្រង់កំពង់ឈ្មោះយ៉ាងនោះ ។ ពាហិយៈនេះជា នរណា ហេតុអ្វី ទើបជាអ្នកស្លៀកសំពត់ដែលក្រងដោយសម្បកឈើ ហេតុ អ្វី ទើបនៅត្រង់កំពង់ សុប្បារកៈ ។ ក្នុងសេចក្តីនេះ មានអនុបុព្វីកថាដូចតទៅនេះ បានឮថា ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ ក្នុងទីបំផុត មួយសែនកប្ប អំពីភទ្ទកប្បនេះ កុលបុត្រម្នាក់កំពុងស្តាប់ធម្មទេសនារបស់ ព្រះទសពល ត្រង់ហង្សវតីនគរ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈនៃពួកភិក្ខុ ដែលជាខិប្បាភិញ្ញា គិតថា ធ្វើម្តេចហ្ន៎ ក្នុង អនាគត អញនឹងបួសក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធបែបនេះ ហើយ គប្បីជាបុគ្គលដែលព្រះសាស្តាស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ ដូចភិក្ខុរូបនេះ ដូច្នេះ បានប្រាថ្នាតំណែងនោះ ទើបបំពេញបុញ្ញាធិការដែលសមគួរដល់ តំណែងនោះ បំពេញបុណ្យដរាបដល់អស់ជីវិត មានស្ថានសួគ៌ជាទីទៅខាងមុខ អន្ទោលទៅក្នុងទេវតា និងមនុស្ស បួសក្នុងសាសនារបស់ព្រះកស្សបទសពល មានសីលបរិបូណ៌ បំពេញសមណធម៌ ដល់នូវការអស់ជីវិត កើត ក្នុងទេវលោក នៅក្នុងទេវលោកអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងផ្ទះមានត្រកូល ក្នុងពាហិយរដ្ឋ ជនទាំងឡាយស្គាល់គាត់ថា ជាពាហិយៈ ព្រោះកើតក្នុងពាហិយរដ្ឋ ។ គាត់ចម្រើនវ័យហើយ នៅគ្រប់គ្រង ផ្ទះ យកសំពៅដឹកទំនិញជាច្រើន ធ្វើដំណើរទៅកាន់មហាសមុទ្រ ត្រឡប់ ទៅ ត្រឡប់មក សម្រេចបំណង ៧ ដង ទើបត្រឡប់មកនគររបស់ខ្លួន លើកទី ៨ គិតទៅកាន់សុវណ្ណភូមិ ទើបជញ្ជូនទំនិញ ហើយចេញសំពៅ ។