មុច្ចលិន្ទសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទើបបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅទៀបមុច្ចលិន្ទ ( រាំងអន្លក់ ) ក្បែរ ឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្កតែមួយ សោយវិមុត្តិសុខអស់ ១ សប្តាហ៍ ។ សម័យ នោះ បណ្តាលមានភ្លៀងធំ ពុំជួកាលកើតឡើង ។ ភ្លៀងរលឹមមួយសប្តាហ៍ មានមេឃត្រជាក់ទូទឹមស្រអាប់ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជចេញពីលំនៅ របស់ខ្លួនហើយ ពែនព័ទ្ធព្រះកាយនៃព្រះមានព្រះភាគដោយភ្នែន ៧ ជុំ ហើយ បើកពពារដ៏ធំ បាំងអំពីខាងលើព្រះសិរ្សព្រះមានព្រះភាគ ដោយគិតថា រងា កុំបីប៉ះពាល់ព្រះមានព្រះភាគ កម្តៅកុំបីប៉ះពាល់ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កម្តៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះមាន ព្រះភាគឡើយ ។ លុះកន្លងសប្តាហ៍នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញ អំពីសមាធិនោះ ។ លំដាប់នោះ មុច្ចលិន្ទនាគរាជដឹងថា ភ្លៀងរាំងហើយ មានពពកស្រឡះហើយ ក៏រំសាយភ្នែន ចាកព្រះកាយនៃព្រះមានព្រះភាគ និម្មិតភេទរបស់ខ្លួន ( ជាភេទមាណព ) ឈរប្រណម្យអញ្ជលី នមស្ការ ព្រះមានព្រះភាគ ពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនោះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា វិវេករបស់បុគ្គលអ្នកត្រេកអរ ( ដោយមគ្គញ្ញាណ ) មានធម៌ស្តាប់ ហើយបានឃើញច្បាស់ ( ដោយ ញាណចក្ខុ ) នាំមកនូវសុខ ការមិនបៀតបៀនគ្នា និងការសង្រួម ក្នុងសត្វទាំងឡាយ ជាសុខក្នុងលោក ការប្រាសចាកតម្រេក ការប្រព្រឹត្តកន្លងកាមទាំងឡាយ ជាសុខក្នុងលោក កិរិយាកម្ចាត់បង់នូវអស្មិមានះ ដំណើរនុ៎ះ ឈ្មោះថា ជាសុខយ៉ាងក្រៃលែង ។