អដ្ឋកថាមុច្ចលិន្ទសូត្រ
មុច្ចលិន្ទសូត្រទី ១ មានវិនិច្ឆ័យដូចតទៅនេះ ដើមរាំងអន្លក់ លោកហៅថា មុច្ចលិន្ទ ក្នុងពាក្យថា មុច្ចលិន្ទមូលេ នេះ មុច្ចលិន្ទនោះ លោកហៅថា និចុល ដូច្នេះក៏មាន ។ ក្នុងទីជិត មុច្ចលិន្ទនោះ ។ តែអាចារ្យពួកខ្លះពោលថា បទថា មុចលោ ជាឈ្មោះរបស់ ដើមឈើនោះ ។ តែបទថា មុចលោ នោះ លោកពោលថា មុច្ចលិន្ទ ព្រោះ ជាដើមឈើធំបំផុតក្នុងព្រៃ ។ បទថា មហាអកាលមេឃោ បានដល់ មហាមេឃដែលកើតឡើង ក្នុង កាលដែលមិនទាន់ដល់រដូវភ្លៀង ។ ពិតហើយ មហាកាលមេឃនោះ កើតឡើង ក្នុងផ្ទៃចក្រវាលទាំងមូល ក្នុងខែចុងក្រោយរបស់គិម្ហរដូវ ។ បទថា សត្តាហវទ្ទលិកា សេចក្តីថា កាលមហាអកាលមេឃនោះ កើតឡើងហើយ មានភ្លៀងធ្លាក់មិនដាច់អស់ ៧ ថ្ងៃ ។ បទថា សីតវាតទុទ្ទិនី សេចក្តីថា ភ្លៀងធ្លាក់ជោកជាំអស់ ៧ ថ្ងៃនោះ បានឈ្មោះថា ទុទ្ទិនី ព្រោះជាថ្ងៃដែល ខ្យល់រងា លាយដោយតំណក់ភ្លៀងវិលទៅដោយជុំវិញ បៀតបៀនហើយ ។ បទថា មុច្ចលិន្ទោ នាម នាគរាជា បានដល់ ស្តេចនាគមានអានុភាព ច្រើន កើតឡើងក្នុងនាគពិភពខាងក្រោមបាតស្រះបោក្ខរណី ជិតដើមមុច្ចលិន្ទ នោះឯង ។ បទថា សកភវនា ប្រែថា ចេញពីពិភពនាគរបស់ខ្លួន ។ បទថា សត្តក្ខត្តុំ ភោគេហិ បរិក្ខិបិត្វា សេចក្តីថា យករង្វែលនៃរាងកាយរបស់ខ្លួន ព័ទ្ធជុំវិញកាយរបស់ព្រះមានព្រះភាគ ៧ ជុំ ។ បទថា ឧបរិមុទ្ធនិ មហន្តំ ផណំ វិហច្ច សេចក្តីថា បើកពពារធំរបស់ខ្លួន លើចំណែកព្រះសីសៈរបស់ ព្រះមានព្រះភាគ ។ បាឋៈថា ផណំ ករិត្វា ដូច្នេះក៏មាន ។