រាជសូត្រ
នេះ ទ្រង់ត្រាស់សំដៅយកអរហត្ត ។ ពិតហើយ អរហត្ត ទ្រង់ត្រាស់ថា អស្មិមានស្ស បដិប្បស្សទ្ធិវិនយោ ការកម្ចាត់អស្មិមានះ ដោយបដិប្បស្សទ្ធិ ។ ឈ្មោះថា សេចក្តីសុខដែលក្រៃលែងជាងនេះ មិនមាន ។ ព្រោះហេតុនោះ ទើបត្រាស់ថា ឯតំ វេ បរមំ សុខំ បទនេះឯង ជាសុខដ៏ក្រៃលែង ។ ព្រះអង្គទ្រង់កាន់យកកំពូលនៃទេសនា ដោយព្រះអរហត្ត ដោយប្រការ ដូច្នេះឯង ។ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូបត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថានេះកើតឡើងថា ម្នាល អាវុសោទាំងឡាយ បណ្តាព្រះរាជាទាំង ២ ព្រះអង្គនេះ គឺព្រះរាជាព្រះនាម មាគធសេនិយពិម្ពិសារ និងព្រះរាជាព្រះនាមបសេនទិកោសល ព្រះរាជា អង្គណាហ្ន៎ ដែលមានទ្រព្យច្រើន មានភោគៈច្រើន មានឃ្លាំងច្រើន មានរដ្ឋ ចម្រុះច្រើន មានពាហនៈច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាព ច្រើនជាង ។ ឥឡូវនេះ អន្តរាកថារបស់ភិក្ខុទាំងនោះ ក៏ផ្អាកឈប់នៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ក៏ យាងចូលទៅឯឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគទ្រង់គង់ហើយ ទើបត្រាស់សួរ ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយជួបជុំគ្នាដោយការនិយាយ អ្វី ក្នុងកាលឥឡូវនេះ មួយទៀត អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយផ្អាកទុក ពួកភិក្ខុទាំងនោះទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែល ពួកយើងខ្ញុំទាំងឡាយ ត្រឡប់អំពីបិណ្ឌបាត វេលាខាងក្រោយភត្ត ក្នុងក្រុង សាវត្ថី