អដ្ឋកថារាជសូត្រ
រាជសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សម្ពហុលានំ សេចក្តីថា ដោយវោហារនៃព្រះវិន័យ ភិក្ខុ ៣ រូប ហៅថា សម្ពហុលា ច្រើនជាងនោះ ហៅថា សង្ឃ ។ តែដោយ វោហារនៃព្រះសូត្រ មនុស្ស ៣ នាក់ ហៅថា ៣ នាក់នោះឯង ច្រើនជាង នោះ ហៅថា សម្ពហុលា ។ ព្រោះដូច្នោះ សូម្បីក្នុងទីនេះ ពោលដោយ វោហារព្រះសូត្រ គប្បីជ្រាបថា សម្ពហុលា ។ បទថា ឧបដ្ឋានសាលាយំ បានដល់ ក្នុងមណ្ឌបដែលជាទីប្រជុំស្តាប់ធម៌ ។ ពិតហើយ ធម្មសភានោះ លោកហៅថា ឧបដ្ឋានសាលា ព្រោះជាទីដែលពួកភិក្ខុទាំងឡាយធ្វើឧបដ្ឋាក ព្រះតថាគត ដែលយាងមកសម្តែងធម៌ ។ ម្យ៉ាងទៀត សាលាក្តី មណ្ឌបក្តី ជាទីដែលភិក្ខុវិនិច្ឆ័យវិន័យ សម្តែងធម៌ ប្រជុំធម្មសាកច្ឆា និងជាទីចូលទៅ ប្រជុំតាមប្រក្រតី ដោយការប្រជុំ លោកក៏ហៅថា ឧបដ្ឋានសាលា ដូចគ្នា ។ ពិតហើយ ក្នុងទីនោះ ឈ្មោះថា ព្រះអង្គទ្រង់បញ្ញត្តព្រះពុទ្ធសាសនាជានិច្ច នោះឯង ។ ពិតហើយ សេចក្តីនេះ ជាការប្រព្រឹត្តរបស់ពួកភិក្ខុ ក្នុងសម័យ ដែលព្រះពុទ្ធគង់ធរមាននៅ ។ បទថា សន្និសិន្នានំ បានដល់ អង្គុយប្រជុំ ដោយការអង្គុយ ។ បទថា សន្និបតិតានំ បានដល់ ដែលប្រជុំគ្នា ដោយ មកអំពីទីនោះៗ ហើយប្រជុំ ។ ម្យ៉ាងទៀត អ្នកប្រជុំ ដោយបំណងយក ព្រះពុទ្ធសាសនាជាគោល ហើយអង្គុយប្រជុំគ្នាដោយគោរព ដើម្បីឲ្យកើត ការអើពើ ដូចប្រជុំចំពោះព្រះភក្ត្រព្រះសាស្តា គឺព្រោះមានអធ្យាស្រ័យស្មើគ្នា ទើបប្រជុំតាមអធ្យាស្រ័យនៃគ្នានិងគ្នា និងដោយការចុះសម្រុងគ្នាដោយល្អ ដោយប្រពៃ ។