ទណ្ឌសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកកុមារច្រើននាក់ នាំគ្នាបៀតបៀនពស់នឹងដំបង ត្រង់ទី ជាចន្លោះនៃក្រុងសាវត្ថី នឹងវត្តជេតពន ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ ស្បង់ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ក្នុងបុព្វណ្ហសម័យ ។ ព្រះមានព្រះភាគ បានទតឃើញពួកកុមារច្រើននាក់ទាំងនោះ កំពុងតែ បៀតបៀនពស់នឹងដំបង ត្រង់ទីជាចន្លោះនៃក្រុងសាវត្ថី នឹងវត្តជេតពន ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវ ឧទាននេះ ក្នុងវេលានោះថា បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន ហើយបៀតបៀន ពួកសត្វ អ្នកប្រាថ្នាសេចក្តីសុខដោយដំបង បុគ្គលនោះ លុះលះ លោកនេះទៅ រមែងមិនបានសេចក្តីសុខឡើយ ។ បុគ្គលណា កាលស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនពួកស ត្វ អ្នកប្រាថ្នាសេចក្តីសុខ ដោយដំបង បុគ្គលនោះ លុះលះ លោកនេះទៅ តែងបានសេចក្តីសុខ ។