អដ្ឋកថាសក្ការសូត្រ
សក្ការសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា តេន ខោ បន សមយេន ភគវា សក្កតោ ហោតិ សេចក្តីថា ព្រះមានព្រះភាគ ជាបុគ្គលដែលទេវតា និងមនុស្សធ្វើសក្ការៈ ដោយគ្រឿងសក្ការៈជាដើម ដែលចម្រើនក្រៃលែងឡើងៗ ។ ដែលជាផល នៃបុញ្ញសម្ភារ និងគុណវិសេសដែលទ្រង់បំពេញមក ៤ អសង្ខេយ្យ និង មួយសែនកប្ប បីដូចកើតនូវសេចក្តីឧស្សាហ៍ឡើងថា ខាងមុខអំពីនេះ អាត្មាអញ មិនមានឱកាស ពិតហើយ បារមីទាំងពួង ហាក់ដូចប្រជុំគ្នាថា នឹងឲ្យ វិបាកក្នុងអត្តភាពមួយ ទើបបណ្តាលឲ្យជំនន់ទឹកធំ គឺលាភសក្ការៈ កើត ឡើងដល់ព្រះមានព្រះភាគ ដូចភ្លៀងធំធ្លាក់ជាគូៗ តាំងឡើងគ្រប់ទិស ធ្វើឲ្យ កើតជំនន់ធំ ដូច្នោះ ។ បន្ទាប់អំពីនោះ ក្សត្រ និងព្រាហ្មណ៍ជាដើម កាន់ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបជាដើម មករកព្រះមានព្រះភាគថា ព្រះសម្ពុទ្ធ ព្រះមានព្រះភាគ ព្រះទេវទេព ព្រះ នរាសភៈ ព្រះបុរិសសីហៈ ប្រថាប់នៅទីណា ទើបយករទេះ ១០០ ផ្ទុក បច្ច័យទាំងឡាយមក កាលមិនទាន់បានឱកាស ទើបយកទូករទេះទល់គ្នានឹង ទូករទេះ ក្នុងទីប្រមាណមួយគាវុតដោយជុំវិញ ស្នាក់នៅ និងជាប់តាមទៅ ដូចអន្ធកព្រាហ្មណ៍ និងវិន្ទព្រាហ្មណ៍ជាដើម ។ ពាក្យទាំងអស់នោះ គប្បី ជ្រាបដោយន័យដែលពោលមកក្នុងខន្ធកៈ និងក្នុងសូត្រនោះៗ កើតដល់ភិក្ខុ សង្ឃ ដូចកើតដល់ព្រះមានព្រះភាគនោះឯង ។ សមដូចព្រះតម្រាស់ត្រាស់ ថា ម្នាលចុន្ទ ឥឡូវនេះ ទោះជាសង្ឃក្តី គណៈក្តី របស់តថាគតកើតឡើង ក្នុងលោកហើយ ។ ម្នាលចុន្ទ តថាគតជ្រើសរើសមិនឃើញ សង្ឃដទៃ សូម្បីមួយពួក ដែលដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យ ដូចជាភិក្ខុសង្ឃ ( ក្នុងសាសនានេះ ) ឡើយ ។