គព្ភិនីសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យ នោះឯង នាងមាណវិកានៅក្មេង ជាប្រពន្ធបរិព្វាជកម្នាក់ ជ្រាស្តីមានគភ៌ ជិត សម្រាលកូន ។ លំដាប់នោះ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជក យ៉ាងនេះថា នែព្រាហ្មណ៍ អ្នកចូរទៅនាំមកនូវប្រេងដែលជាប្រយោជន៍ដល់ ខ្ញុំសម្រាប់សម្រាលកូន ។ កាលបើនាងបរិព្វាជិកា និយាយយ៉ាងនេះហើយ បរិព្វាជកនោះ ក៏និយាយនឹងនាងបរិព្វាជិកានេះវិញថា ចុះអញនាំយកប្រេងពី ណាមកឲ្យនាង ។ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះ ជា គម្រប់ពីរដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំប្រេង ដែលជា ប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន ។ បរិព្វាជកនោះ បាននិយាយនឹង នាងបរិព្វាជិកានោះ ជាគម្រប់ពីរដង យ៉ាងនេះថា ចុះអញនាំយកប្រេង ពីណាមកឲ្យនាង ។ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះជាគម្រប់បីដង យ៉ាង នេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំយកប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន ។ សម័យនោះឯង ព្រះរាជាបសេនទិកោសល ទ្រង់ប្រទានឲ្យ សមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ ប្រទានឲ្យនាំចេញបានទេ ។ គ្រានោះឯង បរិព្វាជកនោះ មានសេចក្តីត្រិះរិះ ថា ចំណាំតែព្រះរាជាព្រះនាមបសេនទិកោសល ទ្រង់ប្រទានឲ្យសមណៈ ឬ ព្រាហ្មណ៍ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់ប្រទានឲ្យនាំចេញ បានទេ បើដូច្នោះ មានតែអាត្មាអញ នឹងទៅឯឃ្លាំងព្រះរាជា ព្រះនាម បសេនទិកោសល ក្រេបផឹកប្រេងដរាបដល់ឆ្អែត ហើយមកផ្ទះវិញ សឹមរើ ឲ្យ ដើម្បីជាប្រយោជន៍ដល់ប្រពន្ធនេះ សម្រាប់សម្រាលកូន ។