អដ្ឋកថាឯកបុត្តសូត្រ
ឯកបុត្តសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឯកបុត្តកោ ប្រែថា កូនម្នាក់ កូននោះ ឈ្មោះថា ឯកបុត្តក ព្រោះអត្ថថា ដែលគេអនុគ្រោះ ។ ឈ្មោះថា បិយោ ព្រោះអត្ថថា ដែលគេស្រឡាញ់ ឈ្មោះថា មនាបេ ព្រោះអត្ថថា ជាទីត្រេកអរ ។ ម្យ៉ាងទៀត ឈ្មោះថា បិយោ ព្រោះអត្ថថា គួរសរសើរ ព្រោះសម្បូរដោយ លម្អនៃរាងកាយ ឈ្មោះថា មនាបេ ព្រោះជាអ្នកមានកល្យាណធម៌ ព្រោះ សម្បូរដោយសីល និងអាចារ ។ ឈ្មោះថា កាល ព្រោះធ្វើសត្វឲ្យអស់ទៅ បានដល់ មរណៈ ។ ឈ្មោះថា កាលង្កតោ ព្រោះធ្វើ គឺដល់កាលៈនោះ ។ ម្យ៉ាងទៀត ឈ្មោះថា កាលង្កតោ ព្រោះកាលៈ គឺមច្ចុ ធ្វើហើយ គឺវិនាស ទៅហើយ បានដល់ ដល់នូវការមិនឃើញ អធិប្បាយថា ស្លាប់ ។ បទថា សម្ពហុលា ឧបសកា សេចក្តីថា ឧបាសកអ្នកក្រុងសាវត្ថីជាច្រើន ទៅតាមក្រោយឧបាសកដែលត្រូវកូនស្លាប់ រហូតដល់ប៉ាឆា មួយអន្លើ ដោយសេចក្តីសោក ឲ្យធ្វើឈាបនកិច្ចសពហើយ ក៏ត្រឡប់ទៅ ចុះទឹកទាំង សម្លៀកបំពាក់នោះឯង ជ្រមុជក្បាល ពូតសំពត់ មិនទាន់ស្ងួតនៅឡើយ ស្លៀកសំពត់មួយផ្ទាំង ធ្វើឆៀងស្មាម្ខាង ឲ្យឧបាសកនោះនាំមុខ គិតនឹងស្តាប់ ធម៌ដែលជាហេតុបន្ទោបង់នូវសេចក្តីសោក ក្នុងសម្នាក់ព្រះសាស្តា ទើបចូលទៅ គាល់ព្រះសាស្តា ។ ដោយហេតុនោះ ទើបលោកពោលពាក្យជាដើមថា អល្លកេសា មានសក់សើមដោយទឹក ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អល្លវត្ថា ប្រែថា មានសំពត់សើមដោយ ទឹក ។ បទថា ទិវាទិវស្ស ប្រែថា កណ្តាលថ្ងៃត្រង់ អធិប្បាយថា ពេល ថ្ងៃត្រង់ ។ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបហើយ ត្រាស់សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរក៏មាន ។ ទ្រង់ដឹងពេលត្រាស់សួរក៏មាន ទ្រង់ដឹងពេល មិនត្រាស់សួរក៏មាន ។