សុប្បវាសាសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកុណ្ឌិដ្ឋានវ័ន ទៀបក្រុងកុណ្ឌិយា ។ សម័យនោះឯង កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ។ កោលិយធីតានោះ លុះត្រូវទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ប៉ះពាល់ អត់ទ្រាំ ដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹង ញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះទ្រង់សម្តែងធម៌ ដើម្បី លះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ លោកប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១ ។ គ្រានោះ កោលិយធីតា នាមសុប្បវាសា បានហៅស្វាមីមក ប្រាប់ថា បពិត្រព្រះអយ្យបុត្ត សូមព្រះអង្គមក សូមព្រះអង្គចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ សូមថ្វាយបង្គំព្រះបាទានៃព្រះមាន ព្រះភាគ ដោយសិរ្ស សូមព្រះអង្គទូលសួរនូវការមិនមានអាពាធ មិនមាន ទុក្ខ មានកម្លាំងក្រោកឡើងរហ័ស និងការនៅសប្បាយ តាមពាក្យរបស់ខ្ញុំម្ចាស់ ថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំ ព្រះបាទានៃព្រះមានព្រះភាគ ដោយសិរ្ស ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកម្លាំងក្រោកឡើងរហ័ស និងការនៅសប្បាយ មួយទៀត សូមព្រះអង្គទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កោលិយធីតា នាម សុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ព្រះនាង ត្រូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ពាល់ត្រូវហើយ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹងញេយ្យធម៌ ច