អដ្ឋកថាសុប្បវាសាសូត្រ
សុប្បវាសាសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា កុណ្ឌិយាយំ បានដល់ ជិតនគររបស់ស្តេចកោលិយៈ មានឈ្មោះយ៉ាងនោះ ។ បទថា កុណ្ឌធានវនេ បានដល់ ក្នុងព្រៃឈ្មោះ កុណ្ឌធាន មិនឆ្ងាយអំពីនគរនោះ ។ ក្នុងអតីតកាល បានឮមកថា យក្ខមួយរូប ឈ្មោះកុណ្ឌៈ នៅអាស្រ័យត្រ ង់ដងព្រៃនោះ យក្ខនោះចូលចិត្តពលីកម្មដែលលាយដោយកន្ទក់ និងលាជ ព្រោះដូច្នោះ ទើបជនទាំងឡាយនាំពលីកម្មទាំងនោះចូលទៅក្នុងទីនោះ ដល់ យក្ខនោះ ដោយហេតុនោះ ទើបដងព្រៃនោះប្រាកដឈ្មោះថា កុណ្ឌធានវ័ន ។ ក្នុងទីមិនឆ្ងាយដងព្រៃនោះ មានស្រីម្ចាស់ស្រុកម្នាក់ នាងក៏ត្រូវហៅថា កុណ្ឌិយា ព្រោះនៅអាស្រ័យក្នុងទីដែលជាអាណាខេត្តរបស់យក្ខ និងព្រោះ ត្រូវយក្ខនោះគ្រប់គ្រង ។ ក្នុងគ្រាតមក ព្រះបាទកោលិយៈបានសាងនគរ ឡើងក្នុងទីនោះ ។ សូម្បីនគរនោះ គេក៏ហៅថា កុណ្ឌិយាដូចមុននោះឯង ក្នុងព្រៃនោះ ពួកស្តេចកោលិយៈបានសាងវិហារ ដើម្បីជាទីប្រថាប់ និងជាលំនៅ របស់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ ។ ក្នុងដងព្រៃនោះ ក៏ប្រាកដថា កុណ្ឌធានវ័នដូចគ្នា ។ សម័យនោះ ព្រះមានព្រះភាគ ទ្រង់ចារិកទៅកាន់ ជនបទ ដល់វិហារនោះហើយ គង់ប្រថាប់ក្នុងទីនោះឯង ព្រោះហេតុនោះ ទើប លោកពោលថា ឯកំ សមយំ ភគវា កុណ្ឌិយាយំ វិហរតិ កុណ្ឌិដ្ឋានវនេ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកុណ្ឌិដ្ឋានវ័ន ទៀបក្រុង កុណ្ឌិយា ។ បទថា សុប្បវាសា ជាឈ្មោះរបស់ឧបាសិកានោះ ។ បទថា កោលិយធីតា បានដល់ ជារាជបុត្រីរបស់ស្តេចកោលិយៈ ។ រាជបុត្រីនោះ ជាអគ្គឧបដ្ឋាយិការបស់ព្រះមានព្រះភាគ ទ្រង់ស្ថាបនា ក្នុងឯតទគ្គៈ កំពូលលើសសាវិកាទាំងឡាយ ខាងឲ្យរបស់ប្រណីត ។ ជាព្រះអរិយ សាវិកាសោតាបន្ន ។ វត្ថុឯណានីមួយ ទោះជារបស់ទំពា របស់បរិ