វិសាខាសូត្រ

ក្បាលទី 35 · ទំព័រ 334

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ប្រយោជន៍ណាមួយ របស់នាងវិសាខាមិគារមាតា ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់មិនពិចារណាប្រយោជន៍នោះ តាមបំណងឡើយ ។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃក្តៅ លុះចូលទៅ ដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះនាង វិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ សួរថា ម្នាលនាងវិសាខា នាងមកអំពីណា ទាំងថ្ងៃក្តៅម្លេះ ។ នាងវិសាខា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ប្រយោជន៍នីមួយ របស់ខ្ញុំព្រះអង្គក្នុងទីនេះ ជាប្រយោជន៍ជាប់ទាក់ទងនឹងព្រះបាទបសេនទិកោសល ព្រះបាទបសេនទិកោសលទ្រង់មិនពិចារណាប្រយោជន៍នោះ តាមបំណងឡើយ ។ លុះព្រះមាន ព្រះភាគ ទ្រង់បានជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាន នេះ ក្នុងវេលានោះថា ( ប្រយោជន៍ណាមួយ ) ដែលនៅក្នុងអំណាចនៃជនដទៃទាំងអស់ នាំមកនូវទុក្ខ ឥស្សរភាពទាំងអស់ នាំមកនូវសុខ សត្វទាំងឡាយ ដែលជ្រមុជទៅក្នុងហេតុនៃទុក្ខទួទៅ តែងនឿយព្រួយព្រោះកិលេស ជាគ្រឿងប្រកបទាំងឡាយ សត្វកន្លងបានដោយក្រ ។ សូត្រទី ៩ ។ ៥