អដ្ឋកថាវិសាខាសូត្រ
វិសាខាសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា បុព្វារាមេ បានដល់ ក្នុងអារាមដែលសាងឡើងក្នុងទី ដូចឧត្តមទេវីវិហារនៃអនុរាធបុរី ក្នុងទិសខាងកើតនៃក្រុងសាវត្ថី ។ បទថា មិគារមាតុប្បាសាទេ ប្រែថា ក្នុងប្រាសាទរបស់មិគារមាតា ។ ក្នុងសេចក្តី នោះ មានអនុបុព្វីកថាដូចតទៅនេះ ក្នុងអតីតកាល ក្នុងទីបំផុតមួយសែនកប្ប ឧបាសិកាម្នាក់ ឃើញព្រះ ទសពលព្រះនាមបទុមុត្តរៈ ទ្រង់ស្ថាបនាឧបាសិកាម្នាក់ ទុកក្នុងតំណែងអគ្គឧបដ្ឋាយិការបស់ព្រះអង្គ ទើបទូលនិមន្តព្រះមានព្រះភាគ ថ្វាយទានដល់ភិក្ខុ មួយសែន មានព្រះពុទ្ធជាប្រធាន ធ្វើការនមស្ការចំពោះព្រះមានព្រះភាគ រួច តាំងសេចក្តីប្រាថ្នាថា ក្នុងអនាគត សូមឲ្យខ្ញុំម្ចាស់បានជាឧបដ្ឋាយិការបស់ព្រះ សម្ពុទ្ធ ដូចគ្នានឹងព្រះអង្គ ។ នាងអន្ទោលទៅក្នុងទេវតា និងមនុស្ស អស់ មួយសែនកប្ប ក្នុងកាលនៃព្រះមានព្រះភាគរបស់យើង ទើបបដិសន្ធិក្នុងគភ៌ របស់សុមនទេវី ក្នុងគេហាសនៈរបស់ធនញ្ជយសេដ្ឋី ដែលជាបុត្ររបស់ មេណ្ឌកសេដ្ឋី ក្នុងភទ្ទិយនគរ ក្នុងពេលដែលនាងកើត ជនទាំងឡាយបានឲ្យ ឈ្មោះនាងថា វិសាខា ។ ក្នុងគ្រាដែលព្រះមានព្រះភាគ យាងទៅភទ្ទិយនគរ នាងមួយអន្លើដោយទារិកា ៥០០ ទៅទទួលព្រះមានព្រះភាគ បានជាព្រះសោតាបន្ន ព្រោះការបានគាល់ដំបូងនោះឯង ។ ខាងក្រោយមក នាងទៅកាន់គេហាសនៈរបស់បុណ្ណវឌ្ឍនកុមារ ដែល ជាបុត្ររបស់មិគារសេដ្ឋី ក្នុងក្រុងសាវត្ថី មិគារសេដ្ឋីដែលជាពុកក្មេក តាំង នាងទុកក្នុងឋានៈជាមាតា ដោយជាអ្នកមានឧបការៈក្នុងគេហាសនៈនោះ ព្រោះ ដូច្នោះ ទើបគេឲ្យឈ្មោះថា មិគារមាតា នាងលះគ្រឿងប្រដាប់ឈ្មោះមហាលតារបស់ខ្លួន ដោយប្រើទ្រព្យ ៩ កោដិសាងប្រាសាទ ប្រដាប់ដោយបន្ទប់ ១០០០ គឺខាងលើ ៥