កាឡិគោភទ្ទិយសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ទៀបក្រុងអនុប្បិយា ។ សម័យនោះ ព្រះភទ្ទិយៈ ដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានរឿយៗ ថា ឱហ្ន៎ សុខអ្វីម្លេះ ឱហ្ន៎ សុខអ្វីម្លេះ ។ ពួកភិក្ខុជាច្រើនរូប បានឮថា ព្រះភទ្ទិយៈ ដ៏មានអាយុ ជាបុត្តនៃនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានរឿយៗ ថា ឱហ្ន៎ សុខ អ្វីម្លេះ ឱហ្ន៎ សុខអ្វីម្លេះ ដូច្នេះដែរ ។ លុះភិក្ខុទាំងនោះបានឮហើយក៏ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ព្រះ ភទ្ទិយៈដ៏មានអាយុនោះ នឹករពឫកសេចក្តីសុខក្នុងរាជ្យរបស់លោក កាលនៅជា គ្រហស្ថអំពីដើម ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ ក្តី តែងបន្លឺឧទានរឿយៗ ថា ឱហ្ន៎ សុខអ្វីម្លេះ ឱហ្ន៎ សុខអ្វីម្លេះ ។ លំដាប់ នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាប ថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទាន