អដ្ឋកថាកម្មសូត្រ

ក្បាលទី 35 · ទំព័រ 354

កម្មសូត្រទី ១ នៃនន្ទវគ្គទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អញ្ញតរោ ភិក្ខុ បានដល់ ភិក្ខុដែលជាខីណាស្រព មួយរូបដែលមិនប្រាកដនាម និងគោត្រ ។ បានឮថា ភិក្ខុនោះជាកុលបុត្រ អ្នកក្រុងរាជគ្រឹះ ដែលព្រះមហាមោគ្គល្លានឲ្យសង្វេគហើយ ឃើញទោសក្នុងសង្សារ ទើបបួសនៅក្នុងសម្នាក់ព្រះសាស្តា ជម្រះសីលឲ្យបរិសុទ្ធ កាន់យកកម្មដ្ឋានដែលសម្បយុត្តដោយសច្ចៈ ៤ មិនយូរបុន្មាន បានបំពេញវិបស្សនាសម្រេចអរហត្ត ។ ក្រោយមក លោក មានអាពាធដ៏ធ្ងន់ ។ លោកសម្ងំនៅដោយការពិចារណា ពិតហើយ ធម្មតា ព្រះខីណាស្រព មិនមានទុក្ខផ្លូវចិត្ត តែទុក្ខផ្លូវកាយមានដូចគ្នា ។ ថ្ងៃមួយ កាលព្រះសាស្តាកំពុងសម្តែងធម៌ លោកអត់ធន់នូវទុក្ខ អង្គុយពត់ភ្នែន ក្នុង ទីមិនឆ្ងាយ ព្រោះហេតុនោះ ទើបលោកពោលពាក្យជាដើមថា ភគវតោ អវិទូរេ និសិន្នោ ហោតិ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា បល្លង្កំ ប្រែថា អង្គុយពត់ភ្នែន ។ បទថា អាភុជិត្វា ប្រែថា ពត់ ។ បទថា ឧជុំ កាយំ បណិធាយ សេចក្តីថា លោក តាំងកាយខាងលើឲ្យត្រង់ ហើយឲ្យឆ្អឹងខ្នង ១៨ កំណាត់ត្រួតលើគ្នា ។ កាលលោកអង្គុយយ៉ាងនេះ ស្បែក សាច់ សរសៃ មិនតឹង ព្រោះដូច្នោះ ទើបលោកអង្គុយយ៉ាងនោះ ។ បទថា បុរាណកម្មវិបកជំ ប្រែថា កើត ដោយវិបាកនៃកម្មដែលធ្វើហើយក្នុងកាលមុន ។ ម្យ៉ាងទៀត កើតដោយភាពជា ចំណែកមួយនៃកម្មនោះ ក្នុងកាលវិបាករបស់កម្មចាស់ ដែលមានអាការ ជាសុខ និងទុក្ខ កើតជាវិបាកវដ្ត សេចក្តីនោះ គឺអ្វី គឺទុក្ខ ។ ដោយពាក្យថា បុរាណកម្មវិបកជំ នេះ លោកសម្តែងដល់អាពាធនោះ មានកម្មជាសមុដ្ឋាន ទើបហាមភាពដែលកម្មកើតអំពីការប្រែប្រួលរដូវជាដើម ដែលទទួលនូវការ ឈឺថ្កាត់ ។