នន្ទសូត្រ

ក្បាលទី 35 · ទំព័រ 359

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ ជាបុត្តព្រះមាតុច្ឆានៃព្រះមាន ព្រះភាគ និយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈទេ ខ្ញុំមិនអាចនឹងទ្រទ្រង់ព្រហ្មចរិយៈបានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប វិញ ។ លំដាប់នោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុ នោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ព្រះនន្ទដ៏មានអាយុ ជាព្រះអនុជ និងជាបុត្តព្រះមាតុច្ឆានៃ ព្រះមានព្រះភាគ បាននិយាយប្រាប់ពួកភិក្ខុច្រើនរូបយ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំមិនអាចទ្រទ្រង់ ព្រហ្មចរិយធម៌បានទេ ខ្ញុំមុខជានឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោក ទាបវិញ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅនន្ទភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោ នន្ទ ព្រះសាស្តាទ្រង់ត្រាស់ហៅអ្នក ។ ភិក្ខុនោះទទួលស្តាប់ព្រះពុទ្ធដីកាព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកព្រះនន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះនន្ទដ៏មានអាយុ ដូច្នេះថា ម្នាល អាវុសោ នន្ទ ព្រះសាស្តាទ្រង់ត្រាស់ហៅអ្នក ។