យសោជសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ពួកភិក្ខុចំនួន ៥០០ រូប មានព្រះយសោជៈជាប្រធាន បាននិមន្ត ទៅនគរសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ ។ ពួកអាគន្តុកភិក្ខុទាំងនោះ កាល និយាយសំណេះសំណាលជាមួយនឹងពួកនេវាសិកភិក្ខុ ឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង ។ គ្រានោះ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សូរ សំឡេងកងរំពង សូរសំឡេងខ្លាំង ទំនងដូចព្រានសំណាញ់ ក្នុងកាលចាប់ត្រី តើជាសំឡេងអ្វី ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ៥០០ រូប មានព្រះយសោជៈជាប្រធាននុ៎ះ បានមកដល់នគរសាវត្ថី ដើម្បី គាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុទាំងនោះ កាលនិយាយសំណេះសំណាល ជាមួយនឹងពួកនេវាសិកភិក្ខុឲ្យក្រាលសេនាសនៈ ទុកដាក់បាត្រចីវរ ក៏មានសំឡេងកងរំពង មានសំឡេងខ្លាំង ។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នក ទៅហៅពួកភិក្ខុទាំងនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោក ដ៏មានអាយុទាំងឡាយ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយនិយាយ នឹងពួកភិក្ខុទាំងនោះថា ព្រះសាស្តាត្រាស់ ហៅលោកដ៏មានអាយុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលពាក្យព្រះអានន្ទ ដ៏មានអាយុថា អើអាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុ ទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្