អដ្ឋកថាកោលិតសូត្រ
កោលិតសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា កាយគតាយ សតិយា សេចក្តីថា មានសតិទៅក្នុង កាយ គឺមានកាយជាអារម្មណ៍ ដោយអំណាចកាយានុបស្សនា ។ បទថា សតិយា នេះ ជាតតិយាវិភត្តិ ប្រើក្នុងលក្ខណៈឥត្ថម្ភូត ។ ខាងក្នុងខ្លួន ឈ្មោះថា អជ្ឈត្ត ក្នុងបទថា អជ្ឈត្តំ នេះ ។ ព្រោះដូច្នោះ ទើបមានអត្ថថា ក្នុងខ្លួន គឺក្នុងសន្តានរបស់ខ្លួន ។ ម្យ៉ាងទៀត គប្បីជ្រាបអត្ថនៃបទថា អជ្ឈត្តំ ថា គោចរជ្ឈត្តំ ព្រោះលោកបំណងយកប្រជុំចំណែកទាំង ៣២ មានសក់ ជាដើម ដែលជាតួកម្មដ្ឋាន ថាកាយក្នុងទីនេះ ។ បទថា សុប្បតិដ្ឋិតាយ សេចក្តីថា ប្រាកដដោយល្អក្នុងកាយ ដែលជាខាងក្នុងខ្លួន ឬដែលជាខាងក្នុង អារម្មណ៍ ។ សួរថា សតិដែលលោកពោលថា ប្រាកដដោយល្អខាងក្នុងខ្លួន គឺអ្វី ។ ឆ្លើយថា គឺសតិដែលប្រាកដក្នុងកាយ ដោយអំណាចឧបចារៈ និង អប្បនានៃព្រះយោគីដែលជាអ្នកញ៉ាំងបដិកូលមនសិការ ឲ្យប្រព្រឹត្តទៅក្នុង អាការ ៣២ មានសក់ជាដើម ដែលជាខាងក្នុង ដែលព្រះមានព្រះភាគត្រាស់ ថា កាយ ដោយន័យជាដើមថា សក់ រោម មាននៅក្នុងកាយនេះ លោក ហៅថា កាយគតាសតិ ។ កាយគតាសតិនេះ យ៉ាងណា សតិដែលប្រាកដ ក្នុងកាយ ដោយអំណាចឧបចារៈ និងអប្បនា តាមគួរនៃព្រះយោគី ដែល ញ៉ាំងមនសិការឲ្យប្រព្រឹត្តទៅ ដោយអំណាចសតិសម្បជញ្ញៈក្នុងអានាបាន និងឥរិយាបថ ៤ និងដោយអំណាចឧទ្ធុមាតកអសុភ និងវិនីលកអសុភ ជាដើម ក៏ហៅថា កាយគតាសតិ ដូច្នោះ ក្នុងទីនេះ កាយគតាសតិខាងក្នុង ខ្លួន កំណត់ធាតុទាំង ៤ មានបឋវីធាតុជាដើម ដោយអាការឯណានីមួយ គឺ ដោយអាការ ១ ក្នុងអាការ ៤ មានសសម្ភារសង្ខេបជាដើម ប្រាកដដោយ អាការកំណត់អនិច្ចលក្ខណៈជាដើមនៃធាតុទាំងនោះ ជាសតិដែលសម្បយុត្ត ដោយវិបស្សនា លោកបំណងយកថា កាយគតាសតិ ។