បិលិន្ទវច្ឆសូត្រ

ក្បាលទី 35 · ទំព័រ 420

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ តែងហៅរកភិក្ខុទាំងឡាយដោយពាក្យ អសុរោះ ។ គ្រានោះ ពួកភិក្ខុច្រើនរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិលិន្ទវច្ឆដ៏មានអាយុ ហៅរកភិក្ខុដោយពាក្យ អសុរោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមក ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរហៅបិលិន្ទវច្ឆភិក្ខុមក តាមពាក្យតថាគតថា នែអាវុសោ វច្ឆៈ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក ។ ភិក្ខុនោះបានទទួល ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកបិល ិន្ទវច្ឆភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់បិលិន្ទវច្ឆដ៏ មានអាយុដូច្នេះថា នែអាវុសោ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក ។ បិលិន្ទវច្ឆ ដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយ ក្នុងទីសមគួរ ។ លុះបិលិន្ទវច្ឆដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបិលិន្ទវច្ឆ បានឮថា អ្នកហៅរកពួកភិក្ខុ ដោយពាក្យអសុរោះ ពិតមែនឬ ។