បិណ្ឌបាតសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាជាខាងក្រោយ ភត្ត ហើយអង្គុយជួបជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌល ក៏កើតអន្តរាកថានេះឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត កាល ត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយ ភ្នែកមួយដង មួយកាល បានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយត្រ ចៀក មួយដង មួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយ ច្រមុះ មួយដង មួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយ អណ្តាត មួយដង មួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ ចិត្ត ដោយកាយ មួយដង មួយកាល ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នក ប្រព្រឹត្តបិណ្ឌបាត មានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ ពួកយើង ចូរជា អ្នកប្រព្រឹត្តបិណ្ឌបាត ពួកយើនឹងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយភ្នែក មួយដង មួយកាលផង ពួកយើងនឹងបានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដង មួយកាលផង ពួកយើងនឹងបានធុំ ក្លិនទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយច្រមុះ មួយដង មួយកាលផង ពួកយើង នឹងបានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដង មួយកាលផង ពួកយើងនឹងបានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្ត ដោយកាយ មួយដង មួយកាលផង ពួកយើងនឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាតផង ។