អដ្ឋកថាសិប្បសូត្រ
សិប្បសូត្រទី ៩ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោ នុ ខោ អាវុសោ សិប្បំ ជានាតិ សេចក្តីថា អាវុសោ កាលពួកយើងប្រជុំគ្នាក្នុងទីនេះ បុគ្គលណាហ្ន៎ នឹងដឹងច្បាស់នូវ អាជីវៈណាមួយ ដែលមានជីវិតជាហេតុ ដែលបានឈ្មោះថា សិប្បៈ ព្រោះ អត្ថថា ត្រូវសិក្សា ។ បទថា កោ កឹ សិប្បំ សិក្ខី សេចក្តីថា បុគ្គល ណាចូលទៅរកត្រកូលអាចារ្យ ដែលល្បីល្បាញក្នុងសិប្បៈអស់កាលយូរហើយ សិក្សាសិប្បៈណាមួយ បណ្តាសិប្បៈ មានសិប្បៈដំរីជាដើម ដោយគន្លងដែល រៀន និងដោយគន្លងបដិបត្តិ ។ បទថា កតរំ សិប្បំ សិប្បានំ អគ្គំ សេចក្តី ថា សិប្បៈប្រភេទណាជាកំពូល គឺប្រសើរជាងសិប្បៈទាំងពួង ដោយមិន ថោកថយ មានផលច្រើន និងសម្រេចបានមិនលំបាក អធិប្បាយថា បុគ្គល អាស្រ័យសិប្បៈណាហើយ អាចរស់នៅបានងាយ ។ បទថា តត្ថេកច្ចេ សេចក្តីថា បណ្តាភិក្ខុទាំងនោះ ពួកខ្លះ ដែលចេញបួសអំពីត្រកូលនាយ ហត្ថាចារ្យនោះ ។ បទថា ឯវមាហំសុ សេចក្តីថា លោកទាំងនោះបានពោល យ៉ាងនោះ បន្ទាប់អំពីនេះទៅ ក្នុងទីដែលពោលថា ឯកច្ចេ ក៏ន័យនេះដូចគ្នា ។ បទថា ហត្ថិសិប្បំ សេចក្តីថា សិប្បៈគ្រប់យ៉ាង មានការចាប់ដំរី ការបង្វឹក ការបរ ការជិះ ការរក្សារោគជាដើម ដែលចាំបាច់ត្រូវធ្វើ លោកបំណងយក ថា ជាសិប្បៈក្នុងការបង្វឹកដំរីក្នុងទីនេះ ។ ក្នុងពាក្យថា អស្សសិប្បំ នេះ ក៏ ន័យនេះដូចគ្នា ។ ឯសិប្បៈ គឺការបររថ គប្បីជ្រាបដោយវិធីហ្វឹកហាត់ និង បរទៅជាដើមរបស់អ្នកបររថ និងដោយការប្រកបរថ ។ បទថា ធនុសិប្បំ បានដល់ សិប្បៈនៃនាយខ្មាន់ធ្នូដែលហៅថា អ្នកខ្មាន់ធ្នូ ។ បទថា ថរុសិប្បំ បានដល់ សិប្បៈខាងអាវុធដ៏សេស ។