អដ្ឋកថាលោកសូត្រ

ក្បាលទី 35 · ទំព័រ 460

លោកសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ អាសយានុសយញ្ញាណ និងឥន្ទ្រិយបរោបរិយត្តិញ្ញាណ ឈ្មោះថា ពុទ្ធចក្ខុ ក្នុងពាក្យថា ពុទ្ធចក្ខុនា នេះ ។ សមដូចលោកពោល ពាក្យជាដើមថា ម្នាលភិក្ខុទាំងឡាយ កាលតថាគត កំពុងប្រមើលមើល សត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញនូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក ( ខ្លះ ) មានធូលីច្រើនក្នុងភ្នែក ( ខ្លះ ) មានឥន្ទ្រិយក្លៀវក្លា ( ខ្លះ ) មាន ឥន្ទ្រិយទន់ ។ បទថា លោកំ បានដល់ លោក ៣ គឺឱកាសលោក ១ សង្ខារលោក ១ សត្វលោក ១ ។ ក្នុងលោកទាំង ៣ នោះ ឱកាសលោក ត្រាស់ក្នុងប្រយោគជាដើមថា ព្រះអង្គត្រាស់ថា ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយ ដើរបំភ្លឺទិស ទាំងឡាយ ឲ្យភ្លឺបានត្រឹមណា លោក គឺចក្រវាឡទាំងមួយពាន់ ក៏កំណត់ត្រឹមនោះ អំណាចរបស់អ្នកប្រព្រឹត្តទៅបាន តែត្រឹម ចក្រវាឡមួយពាន់នុ៎ះ ។ សង្ខារលោក ត្រាស់ក្នុងប្រយោគជាដើមថា លោក ១ បានដល់ ពួកស ត្វទាំងអស់ដែលតាំងនៅបានដោយអាហារ លោក ២ បានដល់ នាម ១ រូប ១ លោក ៣ បានដល់ វេទនា ៣ លោក ៤ បានដល់អាហារ ៤ លោក ៥ បានដល់ ឧបាទានក្ខន្ធ ៥ លោក ៦ បានដល់ អាយតនៈខាងក្នុង ៦ លោក ៧ បានដល់ ទីតាំងនៃវិញ្ញាណ ៧ លោក ៨ បានដល់ លោកធម៌ ៨ លោក ៩ បានដល់ ទីនៅរបស់សត្វ ៩ លោក ១០ បានដល់ អាយតនៈ ទាំង ១០ លោក ១២ បានដល់ អាយតនៈ ១២ លោក ១៨ បានដល់ ធាតុ ១៨ ។ សត្វលោក ត្រាស់ក្នុងប្រយោគជាដើមថា លោកទៀង លោក មិនទៀង ។ ក្នុងទីនេះ គប្បីជ្រាបសត្វលោក ។ បណ្តាលោកទាំងនោះ លោក ពោល គឺចក្រវាឡ ឈ្មោះថា ឱកាសលោក ព្រោះអត្ថថា ឃើញ គឺប្រាកដដោយអាការវិចិត្រ ។ សង្ខារ ឈ្មោះថា លោក ព្រោះអត្ថថា ទ្រុឌទ្រោម គឺបែកធ្លាយ ឈ្មោះថា សត្វលោក ព្រោះអត្ថថា ជាទីមើលបុណ្យ