អដ្ឋកថាមេឃិយសូត្រ
មេឃិយសូត្រទី ១ នៃមេឃិយវគ្គទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ចាលិកាយំ បានដល់ ជិតក្រុងឈ្មោះយ៉ាងនេះ ។ បានឮថា ហួសទ្វារនោះទៅ មានភក់កម្រើកដោយជុំវិញ ។ ព្រោះនៅជិតភក់ ដែលកម្រើក ទើបនគរនោះប្រាកដដល់អ្នកដែលមើល ដូចកំពុងកម្រើក ព្រោះ ដូច្នោះ ទើបនគរនោះ គេហៅថា ចាលិកា ។ បទថា ចាលិកេ បព្វតេ សេចក្តីថា ក្នុងទីជិតនគរនោះ មានភ្នំមួយ ភ្នំនោះក៏ប្រាកដដល់អ្នកមើល ហាក់ដូចជា ញ័រដែរ ក្នុងថ្ងៃឧបោសថខាងរនោច ព្រោះភ្នំនោះសសុទ្ធ ទើបភ្នំនោះ ហៅថា ចាលិកបព៌ត ។ ជនទាំងឡាយបាននាំគ្នាសាងវិហារធំក្នុងទីនោះ ថ្វាយ ដល់ព្រះមានព្រះភាគ ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់បានធ្វើនគរ នោះ ឲ្យជាគោចរគ្រាម ប្រថាប់នៅក្នុងវិហារ ក្បែរចាលិកបព៌តនោះ ដោយ ហេតុនោះ ទើបលោកពោលថា ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុង ចាលិកា ។ បទថា មេឃិយោ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ បទថា ឧបដ្ឋាកោ ហោតិ បានដល់ ជាអ្នកបម្រើ ។ ពិតហើយ ក្នុងបឋមពោធិកាល ព្រះមាន ព្រះភាគមិនមានឧបដ្ឋាកជាប្រចាំឡើយ ជួនកាលមានព្រះនាគសមាលៈ ជួនកាល មានព្រះនាគិតៈ ជួនកាលព្រះឧបវាណ ជួនកាលព្រះសុនក្ខត្តៈ ។ ជួន កាលព្រះចុន្ទសមណុទ្ទេស ជួនកាលព្រះសាគតៈ ជួនកាលព្រះមេឃិយៈ ។ ក្នុងគ្រានោះ ព្រះមេឃិយត្ថេរនោះឯងជាឧបដ្ឋាក ។ ដោយហេតុនោះ ទើប លោកពោលថា សម័យនោះឯង ព្រះមេឃិយៈជាឧបដ្ឋាកព្រះមានព្រះភាគ ។ បទថា ជន្តុគាមំ បានដល់ វិហារនោះឯង មានគោចរគ្រាមដទៃដែល មានយ៉ាងនោះ ។ បាលីថា ជត្តុគាមំ ដូច្នេះក៏មាន ។