អដ្ឋកថាឧទ្ធតសូត្រ
ឧទ្ធតសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា កុសិនារាយំ បានដល់ ជិតនគររបស់ស្តេចមល្លៈ ឈ្មោះថា កុសិនារា ។ បទថា ឧបវត្តនេ មល្លានំ សាលវនេ សេចក្តីថា ឧទ្យាននៃនគរកុសិនារាមាននៅក្នុងទិសទក្សិណ និងទិសបស្ចិម ដូចថូបារាម នៃអនុរាធបុរី ។ ផ្លូវចេញអំពីថូបារាមទៅកាន់នគរ ដោយទ្វារទិសទក្សិណ ត្រង់ទៅទិសខាងកើត វិលត្រឡប់មកខាងទិសឧត្តរ យ៉ាងណា ជួរនៃព្រៃ សាលព្រឹក្ស ចេញពីឧទ្យានត្រង់ទៅទិសខាងកើត បត់ទៅទិសខាងជើង ព្រោះដូច្នោះ ទើបគេហៅថា ឧបវត្តន គឺទីវិលវង់ ។ ក្នុងសាលវ័នរបស់ ស្តេចមល្លៈដែលជាទីវិលវង់នោះ ។ បទថា អរញ្ញកុដិកាយំ បានដល់ ខ្ទម ដែលសាងក្នុងទីដែលដេរដាសទៅដោយដើមឈើ និងគុម្ពឈើ នៅមិនឆ្ងាយ ចាកដើមសាលព្រឹក្ស ដែលលោកសំដៅយក ពោលថា អរញ្ញកុដិកាយំ វិហរន្តិ ។ ភិក្ខុទាំងនោះវៀរការពិចារណា មានសេចក្តីព្យាយាមធូរថយ នៅ ដោយសេចក្តីប្រមាទ ។ ដោយហេតុនោះ ទើបលោកពោលថា ឧទ្ធតា ដូច្នេះជាដើម ។ ក្នុងភិក្ខុទាំងនោះ ភិក្ខុឈ្មោះថា ឧទ្ធត ព្រោះមានចិត្តមិនស្ងប់ ព្រោះ ច្រើនទៅដោយឧទ្ធច្ចៈ ។ មានះ ឈ្មោះថា នឡ ព្រោះដូចដើមបបុស ព្រោះ ជារបស់ទទេ ។ ភិក្ខុឈ្មោះថា ឧន្នឡ ព្រោះមាន នឡ ពោល គឺមានះខ្ពស់ អធិប្បាយថា មានមានះខ្ពស់ទទេ ។ ឈ្មោះថា ចបល ព្រោះប្រកប ឬច្រើន ទៅដោយការញាប់ញ័រ មានបាត្រ និងចីវរជាដើម ។ ឈ្មោះថា មុខរ ព្រោះ មានមាត់រឹង ព្រោះមានវាចាគ្រោតគ្រាត ។ ឈ្មោះថា វិកិណ្ណវាចា ព្រោះ មានវាចាផ្តេសផ្តាស គឺវាចាឥតប្រយោជន៍ ព្រោះច្រើនទៅដោយតិរច្ឆានកថា ឈ្មោះថា មុដ្ឋស្សតិ ព្រោះមិនមានស្មារតី ។