គោបាលសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិកក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ គ្រា នោះ ព្រះមានព្រះភាគ ទ្រង់គេចចេញអំពីផ្លូវ ហើយចូលទៅរកម្លប់ឈើ ១ ដើម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាបថ្វាយ ។ លំដាប់នោះ នាយគោបាលម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះ នាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សម្តែង ពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ។ គ្រានោះ នាយគោបាលនោះ លុះព្រះមានព្រះភាគ ទ្រង់សម្តែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំ ព្រះអង្គ ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគ ទ្រង់ទទួល ដោយតុណ្ហីភាព ។ លុះនាយគោបាលនោះ បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ ប្រទក្សិណ រួចចៀសចេញទៅ ។ លំដាប់នោះ នាយគោបាលនោះ លុះកន្លងរាត្រី នោះហើយ បានឲ្យមនុស្សតាក់តែងអប្បោទកបាយាស ( បាយាសមាន ទឹកតិច ) និងទឹកដោះថ្លាដ៏ថ្មីជាច្រើន ក្នុងលំនៅរបស់ខ្លួន ហើយឲ្យមនុស្ស ទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលល្មមហើយ ទាំងភត្តសោត ក៏ស្រេចហើយ ។