ជុណ្ញសូត្រ

ក្បាលទី 35 · ទំព័រ 543

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុង វត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរ ថ្មីៗ អង្គុយក្នុងទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ស ២ នាក់ ជាសម្លាញ់នឹងគ្នា មកអំពី ទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណាមួយ ។ យក្សទាំងនោះ បាន ឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មីៗ អង្គុយក្នុងទីវាល ក្នុង រាត្រីខាងខ្នើត លុះយក្សម្នាក់បានឃើញហើយ និយាយប្រាប់យក្សម្នាក់ទៀត ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ។ កាលបើយក្សម្នាក់ និយាយយ៉ាងនេះហើយ យក្សនោះក៏និយាយទៅនឹងយក្ស ម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្សម្នាក់នោះ បាននិយាយនឹងយក្សនោះ ជាគម្រប់ ២ ដងទៀតថា ម្នាល សម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ស នោះ និយាយទៅនឹងយក្សម្នាក់ទៀតនោះ ជាគម្រប់ ២ ទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្សម្នាក់នោះ និយាយទៅនឹង យក្សនោះ ជាគម្រប់ ៣ ដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្សនោះនិយាយទៅនឹងយក្សម្នាក់ទៀត នោះ ជាគម្រប់ ៣ ដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏លើសលុប មានឫទ្ធិច្រើន