នាគសូត្រ

ក្បាលទី 35 · ទំព័រ 553

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង ព្រះមាន ព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ ព្រះមានព្រះភាគ ទ្រង់គង់នៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ ។ គ្រានោះ ព្រះមាន ព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះថា ឥឡូវនេះ តថាគតនៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរតែតថាគត គេចចេញអំពីពួកហើយ នៅតែម្នាក់ឯង ។ លំដាប់ នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅ បិណ្ឌបាត ក្នុងក្រុងកោសម្ពី ។ លុះព្រះមានព្រះភាគ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្ត ហើយ ទុកដាក់សេនាសនៈដោយព្រះអង្គឯង ហើយប្រដាប់បាត្រចីវរ មិនបានលា ឧបដ្ឋាក មិនបានប្រាប់ភិក្ខុសង្ឃ តែមួយអង្គឯង ឥតមានភិក្ខុជាគម្រប់ ២ ទ្រង់យាងទៅកាន់ចារិក នៃបាលិលេយ្យកប្រទេស កាលទ្រង់យាងទៅកាន់ ចារិកដោយលំដាប់ បានដល់បាលិលេយ្យកប្រទេស ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេសនោះ ។ មានដំរី ដ៏ប្រសើរ ១ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូន ដំរី ហើយស៊ីស្មៅ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះ ស៊ីនូវមែកឈើបាក់ ដែលដំរីដ៏ប្រសើរនោះបំបាក់ចុះហើយផង ឯដំរីដ៏ប្រសើរ ក៏ផឹកទឹកទាំងឡាយដ៏ល្អក់ផង ក