សារីបុត្តសូត្រ

ក្បាលទី 35 · ទំព័រ 571

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មាន សេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធ ព្យាយាម ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុង ទីជិតព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មាន អាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ប្រកបរឿយៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា សេចក្តីសោកទាំងឡាយ រមែងមិនកើតមាន ដល់បុគ្គលមាន អធិចិត្ត មិនប្រមាទ ជាអ្នកដឹង ជាអ្នកសិក្សា ក្នុងផ្លូវនៃការដឹង ទាំងឡាយ គឺអរហត្តផលញ្ញាណ មានចិត្តមិនញាប់ញ័រ ជាអ្នក នឹងធឹង ជាអ្នកស្ងប់ មានស្មារតីគ្រប់កាល ។ សូត្រទី ៧ ។