ឧបសេនវង្គន្តបុត្តសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ឯង ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ទៅក្នុងទីស្ងាត់ហើយសម្ងំនៅ មានចិត្តត្រ ិះរិះកើតឡើងយ៉ាងនេះថា ឱហ្ន៎ អញពេញជាមានលាភ ឱហ្ន៎ អញពេញ ជាបានល្អ ( ព្រោះ ) ព្រះមានព្រះភាគ ជាគ្រូអញ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធផង អញក៏បានចេញចាកផ្ទះចូលទៅកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ត្រាស់ទុកដោយប្រពៃផង ពួកសព្រហ្មចារីរបស់អញ ជាអ្នកមានសីល មានកល្យាណធម៌ផង អញជាអ្នកធ្វើឲ្យពេញលេញ ក្នុង សីលទាំងឡាយផង អ្នកមានចិត្តតាំងមាំល្អ មានចិត្តមូលនឹងក្នុងអារម្មណ៍ តែមួយផង ជាអរហន្តខីណាស្រពផង អ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ផង រស់នៅក៏ចម្រើន ស្លាប់ក៏ចម្រើន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីត្រិះរិះ ក្នុងចិត្តរបស់ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ដោយព្រះហបឫទ័យរបស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះក្នុងវេលានោះថា ជីវិតរបស់បុគ្គលណា មិនក្តៅក្រហាយ បុគ្គលនោះ រមែងមិនសោក ក្នុងកាលជិតស្លាប់ ប្រសិនបើអ្នកប្រាជ្ញនោះឯង បានឃើញបទ គឺព្រះ និព្វាន រមែងមិនសោក ក្នុងកណ្តាលពួកអ្នកសោកឡើយ ។ ភិក្ខុបានគាស់រម្លើងតណ្ហា ក្នុងភព មានចិត្តស្ងប់ មានជាតិសង្សារ អស់ហើយ ភពថ្មីទៀត មិនមានដល់ភិក្ខុហើយ ។ សូត្រទី ៩ ។